សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ។ ភ្នក់ភ្លើងសង្គ្រាម សោកនាដ៍កម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក គឺជាមេរៀន និងបទពិសោធន៍ដ៏ជូរចត់ ដែលមិនអាចបំភ្លេចបាន ហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព។ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ប្រជាជាតិយើងទាំងមូលបានរំដោះខ្លួន ទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ប៉ុន្តែ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ បានផ្ដល់ពេលវេលាត្រឹមតែជាង១០ឆ្នាំប៉ុណ្ណោះ ឱ្យប្រជាជនកម្ពុជាបានស្គាល់ និងរស់ក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ នៅមុនពេលដែលកម្ពុជាត្រូវធ្លាក់ចូលក្នុងវិនាសកម្មនិងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំម្ដងទៀត។ ចាប់ពីឆ្នាំ១៩៧០ ដល់ ១៩៧៥ យើងបានឆ្លងកាត់រដ្ឋប្រហារសង្គ្រាមស៊ីវិល អស់រយៈពេល៥ឆ្នាំ បន្ទាប់មក របបប្រល័យពូជសាសន៍អស់ជាង៣ឆ្នាំ ហើយបានហែលឆ្លងស្ថានភាពសន្តិភាពខ្លះ និងសង្គ្រាមខ្លះរយៈពេល១៨ឆ្នាំបន្ថែមទៀត។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតីបាមបន្តថា អតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើងនេះ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ បន្ទាប់ពីបានអនុវត្តយ៉ាងជោគជ័យនូវ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំមកវិញជូនប្រជាជាតិនេះ នូវសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាព ទឹកដីទាំងស្រុង។ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាផ្លាស់ប្ដូរមុខ មាត់ថ្មីគួរជាទីមោទនៈបំផុត ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសមានសេដ្ឋកិច្ចដែលរីកចម្រើនជាង៧ភាគរយក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សកន្លងមកនេះ ដែលនាំឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមឆ្នាំ២០៥០។ កម្ពុជាដែលពីមុន ធ្លាប់តែខ្វះខាត និងត្រូវពឹងផ្អែកស្ទើរទាំងស្រុងទៅលើជំនួយបរទេសដើម្បីអាចរស់រាន់បាន បច្ចុប្បន្ន កម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើង ដូចសម័យអង្គរឡើង តាម រយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។

ថ្មីៗនេះ កម្ពុជាសម្រេចស្នាដៃធំៗ រួមមាន ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនៃជំងឺកូវីដ-១៩ ដោយជោគជ័យ ការទទួលធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងធ្វើជាប្រធានអាស៊ាន ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ ដោយបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយផ្ទាល់ក្រោយពីវិបត្តិដ៍ងឺកូវីដ-១៩ ព្រមទាំង ជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងទឡ្ហៈករណ៍មិនអាច ប្រកែកបានមួយចំនួនទៀត នៃការរីកចម្រើនប្រកបដោយមោទនភាពរបស់កម្ពុជា។

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ យ៉ាងរលូន ដែលមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ប្រជាពលរដ្ឋជាង៨លាន២សែននាក់ ត្រូវជាប្រមាណ៨៤,៥៩% បានចូលរួមបោះឆ្នោត គឺជាសក្ខីកម្មដ៏ប្រចក្សនូវទឹកចិត្តរបស់ប្រជាជាតិកម្ពុជា ទាំងមូល ដែលស្រឡាញ់សុខសន្តិភាព និងគោរពគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។

ទន្ទឹមនឹងនេះ នៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ កម្ពុជាបាននិងកំពុងចូលរួមចំណែក យ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក។ ចាប់ពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៩,២០៥នាក់ ក្នុងនោះ ស្ត្រី ៧២៨នាក់ ទៅបំពេញបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងប្រទេសចំនួន០៩ រួមមាន ប្រទេស ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ បច្ចុប្បន្ននេះ កងកម្លាំងកម្ពុជាសរុប ចំនួន៩០៣នាក់ (ក្នុងនោះស្ត្រី ១៤៧នាក់) កំពុងបំពេញបេសកកម្មថែរក្សា សន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្ដាល និងយេម៉ែន។

សម្តេចធិបតីបានបន្តទៀតថា បច្ចុប្បន្ន កម្ពុជាបានបោះជំហ៊ានដ៏ជោគជ័យក្នុងការពង្រឹងសុខុមាលភាពរបស់ប្រជាជន ដោយធានាថា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។ កម្ពុជាប្តេជ្ញាបង្កើនកិច្ចខិតខំទ្វេដងក្នុងការដាក់ចេញ និងអនុវត្តវិធានការ កែទម្រង់នានា ដូចជាការដាក់ឪ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅសម្រេច ឱ្យបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព នៅឆ្នាំ២០៣០។ កម្ពុជាត្រៀមខ្លួនស្វាគមន៍ និងសហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្រេចកិច្ចការដ៏សំខាន់ទាំងនេះ។

សម្តេចធិបតីនាយរដ្ឋនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ សម្តេចជឿជាក់យ៉ាងមុតមាំថា ការប្រារព្ធទិវាសន្តិភាពអន្តរជាតិឆ្នាំនេះ នឹងបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តសារជាថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់តម្លៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក៕

ads banner