សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៖ កាកបាទក្រហមកម្ពុជា គឺជាកម្លាំងចូលរួមមិនអាចខ្វះបានក្នុងការការពារ ធនធានព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ បរិស្ថានបៃតង និងសុខុមាលភាពមនុស្សជាតិ

កំពង់ស្ពឺ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាកម្លាំងចូលរួមមិនអាចខ្វះបានក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ ក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្ដារឡើងវិញនូវព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ដូច្នេះ នាឱកាសអញ្ជើញជាអធីភាពក្នុងពិធីដាំដើមឈើចំនួន ២ពាន់ដើម ដើម្បីអបអរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមប្រជាជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៃភូមិភាគអាស៊ីអាគ្នេយ៍ លើផ្ទៃដីជាង២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណជាង ៥០០នាក់ ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ការផ្តួចផ្តើមដាំដើមឈើក្នុងពិធីនេះ គឺដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២០ ព្រមទាំងវេទិកាយុវជនលើកទី២ ផ្តួចផ្តើមឡើងក្រោមកិច្ចសហការរវាងកាកបាទក្រហមកម្ពុជា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដែលកាលនោះ ក្រសួងបរិស្ថាន ស្ថិតនៅក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ជារដ្ឋមន្ត្រី ដើម្បីបង្ហាញពីភាពទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ចំពោះការអភិរក្សបរិស្ថាន ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញ និងសម្រេចឱ្យបាននូវលក្ខណៈសម្បត្តិសម្រាប់កម្ពុជា តាមរយៈការរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ការប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព ការបំពាក់បច្ចេកវិទ្យាទាន់សម័យក្នុងវិស័យបរិស្ថាន និងការប្រើប្រាស់ធនធានធម្មជាតិ ដោយគិតគូរដល់តុល្យភាពបរិស្ថាន ឈានទៅស្ដារកម្របព្រៃឈើឲ្យបាន ៦០% ឆ្នាំ២០៥០ ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យនេះ ដើម្បីបង្ហាញអំពីក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរួមគ្នាថែរក្សាបរិស្ថានព្រៃឈើឱ្យបានគង់វង្ស និងដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។ សម្តេចបានថ្លែងអំណរគុណចំពោះការរួមកម្លាំងគ្នាជួយរៀបចំទីតាំង និងពិធីដាំដើមឈើគួរឱ្យចងចាំមួយនេះ ។ សម្តេចក៏បានថ្លែងកោតសរសើរ ចំពោះអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ដែលបានផ្តួចផ្តើមកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនេះ ជាសម្បត្តិវប្បធម៌ជាតិ ហើយបាននិងកំពុងអភិវឌ្ឍទីនេះឱ្យទៅជារមណីដ្ឋានទេសចរណ៍ ព្រះពុទ្ធសាសនា ដែលមានព័ណ៌បៃតងស្រស់បំព្រង ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា ៖ កាកបាទក្រហមកម្ពុជា ដែលជាជំនួយការជូនរាជរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ គឺពិតជាកម្លាំងចូលរួមមិនអាចខ្វះបានក្នុងការការពារបរិស្ថាន ធនធានព្រៃឈើ និងក្នុងយុទ្ធនាការពង្រីកនូវប្រព័ន្ធជីវវិទ្យាសម្រាប់ការពារ និងស្ដារឡើងវិញនូវព្រៃឈើប្រកបដោយខ្យល់បរិសុទ្ធ និងបរិស្ថានបៃតង ដើម្បីសុខុមាលភាពមនុស្សជាតិ ។

សូមបញ្ជាក់ថា ពិធីដាំដើមឈើនេះស្ថិតនៅទីតាំងចំនួន២ គឺ ៖ ទីតាំងទី១ រៀបចំនៅក្នុងកសិណ ព្រះចូឡាមុនីចេតិយ ដែលរៀបចំជារង្វង់មូល មាន ៣២ដើម សម្រាប់សមាគមជាតិនីមួយៗ រួមទាំង អគ្គលេខាធិការអាស៊ាន និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជា។ ទីតាំងទី២ រៀបចំដាំចំនួន ៤៨០ដើម លើផ្ទៃដី ទំហំជាង ២ហិកតា ដែលតភ្ជាប់ជាមួយផ្ទៃដីដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញដឹកនាំដាំជាង ១.២០០ ដើម កាលពីឆ្នាំ២០២២ ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ បានអញ្ជើញចូលទស្សនាមហាប្រាសាទព្រះធម្មចេតិយ តម្កល់ព្រះត្រៃបិតកផងដែរ។ សម្ដេច និងគណៈប្រតិភូទាំងអស់ ក៏បានអញ្ជើញពិសាអាហារសាមគ្គីមួយពេលនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងសាមគ្គីភាព ទៀតផង ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner