រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ពីគោលជំហរនៃការនាំចេញអង្ករពីកម្ពុជា ដែលផ្តោត លើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារ ហុងកុង
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូក្រុមហ៊ុនបានបង្ហាញពីការចាប់អារម្មណ៍ និងភាពចាំបាច់ក្នុងការស្វែងរកទីផ្សារអង្ករបន្ថែមពីប្រទេសផ្សេងៗ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារវត្តមានរបស់អង្ករកម្ពុជានៅក្នុងទីក្រុងហុងកុងកំពុងត្រូវបានគេទទួលស្គាល់ថា ជាអង្ករដែលមានគុណភាពល្អ មានរសជាតិឆ្ងាញ់ ព្រមទាំងជាអង្ករដែលបានឈ្នះពានរង្វាន់ដល់ទៅ៥ដងផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការនាំចេញអង្ករពីកម្ពុជា ដែលយើងផ្តោតទៅលើគុណភាព និងរសជាតិ ដែលមានតម្លៃខ្ពស់ទៅកាន់ទីផ្សារនៃប្រទេសហុងកុង ផ្តល់ប្រាក់ចំណេញច្រើនដល់អ្នកនាំចូល និងមិនផ្តោតលើប្រកួតប្រជែងតែខាងផ្នែកបរិមាណនោះទេ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យខាងក្រុមហ៊ុនជំរុញការនាំចូលអង្ករសែនក្រអូប និងផ្តារំដួល ដែលជាប្រភេទអង្ករយុទ្ធសាស្ត្ររបស់កម្ពុជា ដោយបង្កើនការផ្សព្វផ្សាយ និងភាពទាក់ទាញ ដើម្បីធ្វើទីផ្សារអង្ករកម្ពុជាមានតម្រូវការទូលំទូលាយពីអ្នកបរិភោគនៅហុងកុង ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារ និងមានម៉ាកសញ្ញាដែលបង្ហាញពីអត្តសញ្ញាណនៃអង្ករកម្ពុជាមួយពិតប្រាកដ។ ការងារនេះក៏នឹងត្រូវមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីវិស័យឯកជននៅកម្ពុជាផងដែរ ដូចជាសហព័ន្ធស្រូវអង្ករជាដើម ៕
ប្រភព៖ក្រសួងកសិម្ម



