សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងឡើងថ្លែងសុន្ទរកថា នាច្រើនម៉ោងខាងមុខនេះ លើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងក្រុងញូយ៉ក បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជានាព្រឹកថ្ងៃទី២១កញ្ញា។

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល គ្រោងនឹងធ្វើដំណើរដល់ក្រុងញូយ៉កវេលាល្ងាចថ្ងៃទី២១កញ្ញា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវនឹងព្រឹកថ្ងៃទី២២កញ្ញាម៉ោងក្នុងប្រទេសកម្ពុជា។

ដំណើរតាមជើងយន្តហោះពីកម្ពុជាទៅកាន់ក្រុងញូយ៉កសហរដ្ឋអាមេរិក នឹងត្រូវប្រើពេលវេលាយូរដល់ជាង២០ម៉ោង។

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ ក្នុងក្រុងញូយ៉ក បានចាប់ផ្តើមពីថ្ងៃទី១៩ និងបញ្ចប់ដល់ថ្ងៃទី២៦កញ្ញា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចិរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចិរភាពសម្រាប់ទាំងអស់គ្នា។

ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកទី៣ របស់ប្រមុខរាជរដ្ឋាភិបាល ទៅកាន់ក្រុងញូយ៉ក សហរដ្ឋអាមេរិក នឹងមានរយៈពេល ៥ថ្ងៃរវាងពីថ្ងៃទី២១ ដល់២៥កញ្ញា។ សម្តេចធិបតីនឹងត្រូវឡើងថ្លែងសុន្ទរកថាវេលារសៀលថ្ងៃទី២២កញ្ញា លើវេទិកាពិភពលោក ដែលត្រូវនឹងវេលាទាបភ្លឺថ្ងៃទី២៣កញ្ញា ម៉ោងក្នុងប្រទេសកម្ពុជា។

ខ្លឹមសារនៃសុន្ទរកថារបស់សម្តេចធិបតី នឹងផ្តោតលើទិដ្ឋភាពសំខាន់ៗចំនួន ៣ រួមមាន បរិបទពិភពលោក វឌ្ឍនភាពសង្គម៖ សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តកម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចិរភាព។

សម្តេចធិបតីក្នុងឱកាសស្នាក់នៅក្នុងក្រុងញូយ៉ក នឹងមានកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរ នៅក្រៅប្រទេស, មានកិច្ចប្រជុំទ្វេភាគី ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជួបឥស្សរជនបរទេសមួយចំនួនផងទៀត។

ads banner