គ្រោះទឹកជំនន់នៅលីប៊ី បង្ខំឱ្យមនុស្សជម្លៀសខ្លួនជាង ៤៣,០០០នាក់
ទ្រីប៉ូលី៖ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅថ្ងៃទី២១ ខែកញ្ញា បានឱ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់នៅប្រទេសលីប៊ី ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងទីក្រុងឌើនណា ក៏បានបង្ខំឱ្យមនុស្សច្រើនជាង ៤៣,០០០នាក់ផងដែរ។
ទឹកជំនន់ភ្លាមៗដែលមានទំហំប៉ុនរលកយក្សស៊ូណាមិបានទម្លុះទំនប់ទឹកចំណាស់ចំនួនពីរលេបត្របាក់ទីក្រុងឆ្នេរសមុទ្រ ឌើនណា បន្ទាប់ពីព្យុះមេឌីទែរ៉ាណេមានឈ្មោះ ដានីញ៉ែល បានវាយប្រហារតំបន់នេះកាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ។
ចំនួនអ្នកស្លាប់ផ្លូវការមានចំនួនច្រើនជាង ៣,៣០០នាក់ ប៉ុន្តែតួលេខចុងក្រោយត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងនេះ ខណៈដែលក្រុមជំនួយអន្តរជាតិបានផ្តល់ការប៉ាន់ស្មានថា មានមនុស្សរហូតដល់ ១០,០០០នាក់ទៀតកំពុងបាត់ខ្លួន។
អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បាននិយាយយ៉ាងដូច្នេះថា មនុស្សប្រមាណ ៤៣,០៥៩នាក់បានផ្លាស់ទីលំនៅដោយសារទឹកជំនន់នៅភាគឦសានប្រទេសលីប៊ី និងថា កង្វះការផ្គត់ផ្គង់ទឹកស្អាតត្រូវបានគេរាយការណ៍ថា បានជំរុញឱ្យមនុស្សជាច្រើនផ្លាស់ទីលំនៅចេញពីទីក្រុងឌើនណា ទៅកាន់តំបន់ផ្សេងទៀត។ តម្រូវការបន្ទាន់រួមមានស្បៀងអាហារ និងទឹកស្អាតសម្រាប់បរិភោគ ក៏ដូចជាការគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្ត។
ស្របពេលជាមួយគ្នានេះដែរ អង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរភាគខាងកើតប្រទេសលីប៊ីត្រូវតែលុបចោលការរឹតបន្តឹងដែលមិនសមរម្យទាំងអស់ និងសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា