លទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហម កម្ពុជា បានប្រាប់អ្នកយកព័ត៌មានអំពីលទ្ធផលថ្ងៃទី១ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ។

កិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានបើកជាផ្លូវការក្រោមអធិបតីភាព សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ដើម្បីពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហមភូមិភាគអាស៊ីអាគ្នេយ៍ និងបានរំលេចថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការមនុស្សធម៌លើគ្រប់ទិដ្ឋភាព ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងកម្រិតតំបន់ និងសកល ជាពិសេស ឆ្លើយតបទៅនឹងភាពងាយរងគ្រោះ និងសកម្មភាពមនុស្សធម៌នៅក្នុងតំបន់ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានបន្តថា ក្រោយពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ រួចមក សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានបន្តកិច្ចពិភាក្សារវាងប្រតិភូថ្នាក់ដឹកនាំ និងប្រតិភូយុវជន មកពីសមាគមន៍ជាតិទាំង១១ ក្រោមប្រធានបទ «ការចូលរួមរបស់យុវជន ដើម្បីអនាគតកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៖ ដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌»។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ តំណាងយុវជន បានធ្វើបង្ហាញស្ដីពីលទ្ធផលវេទិកាយុវជនលើកទី២ និងការគោរពជូនជាផ្លូវការ សេចក្ដីថ្លែងការណ៍វេទិកាយុវជនផងដែរ ។ រយៈពេល ៣ថ្ងៃ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានពិភាក្សាជាក្រុមយ៉ាងស៊ីជម្រៅទៅលើប្រធានបទចំនួន ៥ ហើយពួកគេ បានរកឃើញនូវបញ្ហាអាទិភាព និងកង្វល់មួយចំនួន ដោយបង្កើតជាផ្ទាំងរូបភាពគំរូមួយស្ដីពីបញ្ហាប្រឈម ដែលជាកង្វល់របស់ពួកគេ និងបានកំណត់អំពីដំណើរការដោះស្រាយកង្វល់ទាំងនោះ។ បន្ទាប់ពីរកឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយរួចហើយ យុវជននៃក្រុមនីមួយៗបានយកគោលគំនិតដែលបានពិភាក្សារួមគ្នានោះ ទៅកសាងនូវសេចក្ដីថ្លែងការណ៍រួមរបស់វេទិកាយុវជនលើកទី២ ជាមួយនឹងគ្រូសម្របសម្រួល ។ តំណាងយុវជនបានឡើងអាននូវសេចក្ដីថ្លែងការរួមរបស់វេទិកាយុវជនលើកទី២ ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំសមាគមជាតិទាំង ១១ ដែលបានចូលរួម ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះប្រតិភូយុវជនជាតិអន្តរជាតិ ចំពោះការចូលរួមវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ប្រកបដោយមោទនភាព ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ដោយរៀនសូត្រពីគ្នាទៅវិញទៅមក សាមគ្គីភាពអន្តរជាតិ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាយុវជននៃចលនាការកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោកជំទាវអគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតទៀត ដោយឡែកនៅរសៀលថ្ងៃទី២១កញ្ញា ថ្នាក់ដឹកនាំនៃប្រតិភូមកពីសហព័ន្ធអន្តរជាតិ ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ទាំង១១ បានបន្តកិច្ចប្រជុំដែលដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការការក្បាលក្រហមកម្ពុជា។

អង្គប្រជុំបានចាប់ផ្ដើមដោយស្ដាប់នូវសេចក្ដីថ្លែងការណ៍តាមវីដេអូ ពីទីក្រុងហ្សឺណេវ របស់ប្រធានសហព័ន្ធអន្តរជាតិ និងអនុប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមបន្ទាប់មកកាកបាទក្រហមមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យដឹកនាំសម័យប្រជុំទី១ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍ឆ្នាំ២០២២ នៃប្រទេសប្រ៊ុយណេ ដែលផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីស្វែងរកដំណោះស្រាយថ្មីលើការងារមនុស្សធម៌។

កាកបាទក្រហមហ្វីលីពីន បានដឹកនាំសម័យប្រជុំទី២ ផ្ដោតលើការត្រួតពិនិត្យការអនុវត្តធម្មនុញ្ញស្ដីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ផែនការសកម្មភាពឆ្ពោះទៅឆ្នាំ២០៣០។ ដោយសារបញ្ហាការប្រែប្រូវអាកាសធាតុ ជាបញ្ញាប្រឈមជាសកលជាប្រធានបទក្ដៅគគុក ដែលសមាគមជាតិនីមួយៗយកចិត្តទុកដាក់ កិច្ចប្រជុំនេះ កាកបាទក្រហមបណ្ដារប្រទេសទាំងអស់ បានបង្ហាញនូវសកម្មភាពដែលបានអនុវត្តរៀងៗខ្លួនកន្លងមក ក្នុងការដោះស្រាយបញ្ហាប្រឈម ទាក់ទងទៅនឹងការប្រើប្រួលអាកាសធាតុ តាមរយៈការដាក់ចេញវិធានការសម្រាប់ការអនុវត្តតាមស្ថានភាពជាក់ស្ដែងរបស់បណ្ដាប្រទេសនីមួយៗ ក្នុងគោលដៅកាត់បន្ថយភាពងាយរងគ្រោះ ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ។ ថ្នាក់ដឹកនាំនីមួយៗ បានបង្ហាញការប្ដេជ្ញាចិត្តបន្តអនុវត្តស្មារតីនៃសេចក្ដីថ្លែងការរួមកន្លងមក ក៏ដូចជាបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរបស់រដ្ឋាភិបាលរៀងៗខ្លួន និងភាគីពាក់ព័ន្ធផ្សេងៗ ។

ដោយឡែកកាកបាទក្រហមសិង្ហបុរី បានដឹកនាំសម័យប្រជុំទី៣ ស្ដីពីកិច្ចសហប្រតិបត្តិការ និងកិច្ចសហការរបស់សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម IFRC គណៈកម្មាធិការអន្តរជាតិកាកបាលក្រហម អឌ្ឍចន្ទក្រហម ICRC នៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលគេចសហប្រតិបត្តិការមានគោលបំណងសំខាន់ដើម្បីសម្រេចគោលដៅរួមគឺឆ្លើយតបគ្រោះមហន្តរាយ។ ចំណែកកាកបាទក្រហមថៃ បានដឹកនាំសម័យប្រជុំទី៤ ដែលកិច្ចប្រជុំនេះ មានបទបង្ហាញមួយស្ដីពីការចូលរួមរបស់ថ្នាក់ដឹកនាំសមាគមជាតិភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងអភិបាលកិច្ចរបស់សហព័ន្ធអន្តរជាតិ។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានបញ្ជាក់ថា នៅចុងបញ្ចប់នៃកិច្ចប្រជុំថ្ងៃទី១ ប្រធានប្រតិភូនៃសមាគមជាតិទាំង១១ បានបើកសម័យប្រជុំចង្អៀត ស្ដីពីការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់សហព័ន្ធ។ កិច្ចប្រជុំ ក៏បានបន្តនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ មុនបិទបញ្ចប់ជាផ្លូវការ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner