កម្ពុជា-កាណាដា មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការ ជួបសម្តែងការគួរសមពីលោក ដេវីដ វីប្យូសស្គី ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា នៅរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងកាណាដា និងបានពិភាក្សាអំពីមធ្យោបាយ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យដោះមីន ប្រតិបត្តិការរក្សាសន្តិភាព អប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។

ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីជំនួយរបស់ប្រទេសកាណាដាក្នុងការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមបានបន្តការអំពាវនាវរបស់កម្ពុជាឱ្យមានការរួមចំណែករបស់កាណាដាក្នុងការជួយដល់កម្ពុជា សម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ។

ភាគីទាំងពីរ មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងក្លាយជាទីកន្លែងមួយដ៏ល្អក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌអាស៊ាន ដោយវាយតម្លៃពីការចូលរួមដ៏សកម្មរបស់កាណាដា ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការអបអរសាទរចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២៣នេះ។ លោក ដេវីដ វីប្យូសស្គី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជាក្នុងដំណើរការនេះ។ ឯកឧត្តមរដ្ឋលេខាធិការ និង លោកភារធារី ក៏បានសម្តែង ក្តី សោមនស្ស ចំពោះ វឌ្ឍនភាពនៅ ក្នុង ការចរចា កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី អាស៊ាន – កាណាដាផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner