ឯកអគ្គរដ្ឋទូតតួកគី វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-តួកគី ជាពិសេសលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ

ភ្នំពញ៖ លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ ដោយក្នុងនោះបន្ថែមលើវិស័យខាងលើ លោកជំទាវមានបំណងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរ។

ការវាយតម្លៃនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានរួមចំណែកជួយអភិវឌ្ឍលើវិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរយៈពេលជាង៦៤ឆ្នាំ នៃប្រទេសកម្ពុជា-តួកគី។ ឯកឧត្តមបានកត់សម្គាល់ថា ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជនផងដែរ។

ខណៈពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-តួកគី ផ្តោតលើការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម ការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ឯកឧត្តម ហ៊ុន ម៉ានី បានយកឱកាសនេះរំលឹកជូនលោកជំទាវឯកអគ្គរដ្ឋទូតនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានលើកឡើងថា៖ «សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជាឱ្យឆ្ងាយជាងនេះ គឺកម្ពុជាជាសមាជិកអាស៊ាន និងជាច្រកមួយនៃកិច្ចសហប្រតិបត្តិការ និងទីផ្សារក្នុងប្រទេសសមាជិកអាស៊ានដទៃផ្សេងទៀត»។

ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះរាល់ការផ្សាភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាពកិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមានការបណ្តុះបណ្តាល ការផ្តល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យមុខងារសធារណៈ ដោយឈរលើមូលដ្ឋានផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងមុខងារសាធារណៈ

ads banner