កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (Video Inside)
កម្ពុជាត្រៀមរៀបចំទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ដែលនឹងឈានមកដល់រយៈពេល២សប្តាហ៍ខាងមុខនេះ។
ទិវារដ្ឋធម្មនុញ្ញរបស់កម្ពុជា តែងប្រារព្ធធ្វើជាប្រចាំឆ្នាំនៅថ្ងៃទី២៤កញ្ញា ខណៈប្រមាណ៣០ឆ្នាំមុននេះ គឺនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ បានឡាយព្រះហស្ថលេខា លើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់កំពូលរបស់ជាតិនេះ ជាជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតសកលលើកដំបូង បានប្រព្រឹត្តទៅក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។
ប៉ុន្តែយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់នៅថ្ងៃសុក្រទី២២កញ្ញានេះថា អាស្រ័យ «ដោយមានសំណូមពរជាក់ស្តែង, ព្រះរាជពិធីនេះ ត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣ នាសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត»។
ខែតុលាឆ្នាំ២០២៣នេះ គឺជាខែដែលមានការរវល់នឹងពិធីច្រើនបំផុត របស់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងខែតុលាជិតមកដល់ខាងមុខនេះ, កម្ពុជានឹងមានពិធីបុណ្យភ្ជុំបិណ្ឌ, បុណ្យកឋិនទាន, ព្រះរាជពិធីរំលឹកការយាងចូលទីវង្គតរបស់ព្រះបរមរតនកោដ្ឋគម្រប់១១ឆ្នាំ និងព្រះរាជពិធីរំលឹកខួប៣០ឆ្នាំ នៃទិវារដ្ឋធម្មនុញ្ញរបស់ជាតិថែមទៀត។
រដ្ឋធម្មនុញ្ញអាយុ៣០ឆ្នាំ របស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជារដ្ឋធម្មនុញ្ញដែលមានអាយុវែងជាងគេបង្អស់ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង ៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។