សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ជាមួយនេះ កម្ពុជា ចង់បាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អង់តូនីញ៉ូ ហ្គូទរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២២កញ្ញា នាទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចធិបតី និង គណៈប្រតិភូ និងបានបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ីជាមួយគោលដៅអភិវឌ្ឍន៍ប្រកបចីរភាព របស់អង្គការសហប្រជាជាតិ ។ ក្នុងន័យនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបានបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជាដែលបានចូលរួម និងបញ្ជូនមន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួន ។

ជាការឆ្លើយតប សម្ដេចធិបតី មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី ២សប្ដាហ៍មុន នៅ ប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ ។ ក្នុងន័យនេះ សម្ដេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជននិងប្រទេសកម្ពុជា, សម្ដេចសូមថ្លែងនូវអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាង សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ ។

ជាមួយគ្នានេះ, សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់ អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យ កម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់ ។ សម្ដេចធិបតី បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិដោយ មិនមានការផ្លាស់ប្តូរឡើយ ។ ជាក់ស្តែង, កម្ពុជា បន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញ ផ្សេងទៀត ទៅបំពេញបេសកកម្មក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជា បន្តការកសាងសង្គមមួយ ដោយឈរលើការ គោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យ របស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។ ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់ និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។

ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់សម្តេចធិបតី, ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់ជូនសារជាថ្មីថា កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអនុវត្តគោលការណ៍នីតិរដ្ឋ និង ការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ, អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា ។

សម្ដេចធិបតី ក៏បាននាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការ ដែលជាមិត្តដ៏យូរលង់ និងដ៏ល្អរបស់ សម្ដេចតេជោ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner