ក្រសួងកសិកម្ម នឹងរៀបចំពង្រីកស្តង់ដាគុណភាពកសិកម្មបន្ថែមទៀត ដើម្បីប្រជែងលើទីផ្សារ

ខេត្តសៀមរាប៖ ក្រៅពីការអនុវត្តស្ដង់ដារ គុណភាព ផលិតផល ជលផលកម្ពុជា ( CQS ) ដែលជាស្តង់ដារមួយកំពុងត្រូវបានដាក់ឱ្យប្រើប្រាស់ និងមានការចូលរួមកាន់តែច្រើនឡើងពីសំណាក់ម្ចាស់សហគ្រាស ក៏ដូចជាសិប្បកម្មនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏កំពុងរៀបចំស្ដង់ដារដូចគ្នានេះសម្រាប់ផលិតផលកសិកម្មផ្សេងទៀត មានដូចជា បន្លែ ផ្លែឈើ និងស្រូវអង្ករជាដើម។ នេះជាការបញ្ចេញឱ្យដឹងពីសំណាក់ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ពេលចុះទស្សនកិច្ចនៅសិប្បកម្មផលិតទឹកត្រីលាងឡេង នារាជធានីភ្នំពេញ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការរៀបចំឱ្យមានបន្ថែម និងបន្តបន្ទាប់នៃការអនុវត្តស្តង់ដារបស់ក្រសួងកសិកម្មនេះធ្វើឡើងដើម្បីធានានូវសុវត្តិភាពចំណីអាហារ និងពិសេសនោះក៏ដើម្បីប្រកួតប្រជែងទីផ្សារតែម្តង។

មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរូបនេះថ្លែងថា៖ វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា (CQS) បានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់សហគ្រាសកែច្នៃខ្នាតតូច និងមធ្យម ដោយក្នុងនោះ ជួយកាត់បន្ថយការចំណាយថ្លៃដើម ជំរុញការកែច្នៃផលិតផលឱ្យមានគុណភាពខ្ពស់ប្រកបដោយស្ដង់ដារបច្ចេកទេស ហើយនៅពេលដាក់លក់លើទីផ្សារមានតម្លៃទ្វេដងជាងផលិតផលកែច្នៃធម្មតា។

កញ្ញា អ៊ឹម រចនា បានលើកឡើងថា វិញ្ញាបនបត្រនិមិត្តសញ្ញាគុណភាពផលិតផលជលផលកម្ពុជា បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់សុខមាលភាពរបស់បរិភោគ។ ប្រព័ន្ធមួយនេះជាស្ដង់ដារសម្រាប់ផ្ដល់ឱ្យដល់សហគ្រាសកែច្នៃផលិតផលដែលមានការធានាដល់សុវត្ថិភាពចំណីអាហារ មានអនាម័យល្អ ដើម្បីធានាថាមិនមានហានិភ័យ ឬផលប៉ះពាល់ណាមួយដល់សុខភាពអ្នកបរិភោគជាដើម។

លោក ថោង រ៉ា អ្នកជំនាញផ្នែកម្ហូបអាហារថ្នាក់ជាតិ នៃគម្រោង CAPFISH-Capture របស់អង្គការយូនីដូ បានឱ្យដឹងថា ការនាំផលិតផលចេញទៅសហគមន៍អឺរ៉ុបពិតជាលំបាក និងត្រូវការភាពលម្អិតលម្អន់ច្រើន។ភាគីពាក់ព័ន្ធក្នុងការជួយដល់សិប្បកម្មនិងសហគ្រាសក្នុងការបញ្ជូនទៅលក់កាន់ទីផ្សារអឺរ៉ុប ភាគច្រើនមានអ្នកជំនាញមកពីអង្គការយូនីដូ និងរដ្ឋបាលជលផល។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់រឿងនេះមែនទែន។ក្នុងការបញ្ជូនទៅកាន់ទីផ្សារប្រទេសទាំងនេះទៀតសោតចាំបាច់ត្រូវគោរពទៅតាមលក្ខខណ្ឌទីផ្សារបស់គេ។និយាយរួមទាំងរាជរដ្ឋាភិបាល វិស័យឯកជននិងរួមទាំងអង្គការយូនីដូយើងត្រូវរួមគ្នាដើម្បីនាំនូវផលិតផលជលផលរបស់កម្ពុជាយើងទៅកាន់ទីផ្សារអឺរ៉ុប ។

គួរបញ្ជាក់ថា បច្ចុប្បន្ន សហគ្រាសដែលទទួលបាន វិញ្ញាបនបត្រ CQS នៅកម្ពុជានេះ មានចំនួន ៨ ក្រុមហ៊ុន ក្នុងនេះមាន ៤ បានពេញលេញ និង ៤ទៀត មូលដ្ឋាន។ សម្រាប់ ៤ ដែលទទួលបានវិញ្ញាបនបត្រ CQS ពេញលេញ មានសហគ្រាសផលិតទឹកត្រី ២ នៅភ្នំពេញ ១កន្លែង និងអរិយក្សត្រ ១កន្លែង និងសិប្បកម្មផលិតត្រីងៀត នៅសៀមរាប ចំនួន ២កន្លែង៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner