ឆេះរោងចក្រផលិតកូនហ្គោលនៅតៃវ៉ាន់ សម្លាប់មនុស្សយ៉ាងតិច ៦នាក់
តៃប៉ិ៖ អាជ្ញាធរបាននិយាយនៅថ្ងៃទី២៣ ខែកញ្ញាថា អគ្គិភ័យបានឆាបឆេះរោងចក្រផលិតកូនហ្គោលនៅកោះតៃវ៉ាន់ សម្លាប់មនុស្សយ៉ាងតិច ៦នាក់ ក្នុងនោះមានអ្នកពន្លត់អគ្គិភ័យ ៣នាក់ ដោយសារហេតុការណ៍ផ្ទុះនៅទីតាំងកើតហេតុ។
រដ្ឋាភិបាលស្រុក ពីងទុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា អគ្គិភ័យបានកើតឡើងនៅរោងចក្រផលិតកូនហ្គោ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា និងបានឆាបឆេះពេញមួយយប់ ធ្វើឱ្យមនុស្សច្រើនជាង ១០០នាក់រងរបួស ដែលភាគច្រើនជាកម្មករ ខណៈដែលអ្នកពន្លត់អគ្គីភ័យម្នាក់ និងមនុស្សបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ភ្លាមៗ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី តៃ្ស អ៊ីងវិន បានចុះទៅពិនិត្យមើលទីតាំងកើតហេតុដោយផ្ទាល់កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍នេះ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។

លោកស្រី តៃ្ស បាននិយាយថា ការស៊ើបអង្កេតលើមូលហេតុនៃសោកនាដកម្មនេះកំពុងដំណើរការ និងបានប្រាប់បុគ្គលិកឆ្លើយតបបន្ទាន់ថា លោកស្រីចង់អរគុណអ្នកគ្រប់គ្នា សម្រាប់ការខិតខំប្រឹងប្រែង ហើយសូមរក្សាការប្រុងប្រយ័ត្ន។ ទន្ទឹមគ្នា លោកស្រី តៃ្ស ក៏បានធ្វើដំណើរទៅកាន់ទីបញ្ចុះសព ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងទៅសួរសុខទុក្ខអ្នករបួសនៅឯមន្ទីរពេទ្យផងដែរ។
ជាមួយគ្នានេះ មន្ត្រីម្នាក់នៅនាយកដ្ឋានពន្លត់អគ្គីភ័យស្រុក ពីងទុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សារធាតុគីមី peroxide ដែលផ្ទុកនៅខាងក្នុងរោងចក្រ អាចជាមូលហេតុនៃការផ្ទុះដ៏ធំមួយ និងតូចៗជាច្រើន។ មនុស្សជាច្រើននាក់បានជាប់នៅខាងក្នុងរោងចក្រ ដោយសារការបំផ្ទុះដែលបណ្តាលឱ្យផ្នែកមួយនៃដំបូលរោងចក្របាក់រលំ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា