នាយករដ្ឋមន្ត្រីកម្ពុជា៖ រាជរដ្ឋាភិបាល កំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា ហើយនឹងខិតខំឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត

(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាម៉ោង៤ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចកំពុងសិក្សាគោលនយោបាយផ្តល់អាហារូបត្ថម្ភដល់កូនខ្មែរពីមត្តេយ្យសិក្សា។ នៅកម្ពុជាបច្ចុប្បន្ន មិនមែនធ្វើតែការងារកាត់ដេរនោះទេ គឺអាចធ្វើការងារខាងពេជ្រ សឡា ដំឡើងរថយន្ត និងដំឡើងគ្រឿងបង្គំអេឡិចត្រូនិកផងដែរ។ពីមុននៅអាមេរិក មានតែផលិតផលដែលផលិតពីប្រទេសថៃ និងប្រទេសផ្សេងៗ តែបច្ចុប្បន្ន ក៏មានផលិតផលផលិតពីខ្មែរលើទីផ្សារអាមេរិកផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល នឹងប្រឹងប្រែងរុញឱ្យអត្រាភាពក្រីក្រធ្លាក់ចុះបន្តទៀត។ សម្ដេចក៏បានពន្យល់ពលរដ្ឋខ្មែរនៅអាមេរិក ពីនយោបាយកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ សម្ដេចថា ឆ្នាំ១៩៩៧ កម្ពុជា មានអត្រាភាពក្រីក្រ ប្រមាណ ៥៤ភាគរយ ពោល១០០នាក់ ៥៤នាក់។ បច្ចុប្បន្នអត្រាភាពក្រីក្រ មានតែ១៧ភាគរយ។ កម្ពុជា នៅតែបន្តមហិច្ឆតាប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ហើយកម្ពុជា មិនទុកពលរដ្ឋក្រីក្រចោលនោះឡើយ ក្នុងនោះរាជរដ្ឋាភិបាល បានផ្តល់បណ្ណក្រីក្រជូនពលរដ្ឋមានជីវភាពខ្វះខាត ដើម្បីសម្រាលការលំបាករបស់ពួកគាត់។

សម្ដេចធិបតី បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស គឺមិនយកពន្ធដីស្រែចម្ការបស់កសិករនោះឡើយ។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល កំពុងសិក្សាដាក់ឱ្យមានកម្មវិធីគាំពារផ្នែក សុខ ភាព ដល់ សមាជិក គ្រួសារកម្មករ និយោជិត ដោយតម្រូវឱ្យបង់ថវិកាប្រមាណ ១ម៉ឺន ៦ពាន់រៀលក្នុងមួយខែ។ រាជរដ្ឋាភិបាល ក៏បានត្រៀមថវិកា ១០០លានដុល្លារ ធានាតម្លៃកសិផលរបស់ប្រជាកសិករផងដែរ។ ដល់ដំណាច់ឆ្នាំ២០២៣ យើងនឹងជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្ម ២៥០នាក់ ចុះធ្វើការតាមឃុំ ដើម្បីលើកទឹកចិត្តប្រជាកសិករនិងជំរុញកសិករឲ្យចេះធ្វើកសិកម្មបែបទំនើបឲ្យបានកាន់តែច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការអប់រំគុណធម៌ សីលធម៌ និងឥរិយាបថនេះ គឺត្រូវបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យ។ ឪពុកម្តាយកាន់តែរវល់ អត់សូវមានពេលអប់រំកូននោះទេ ដូច្នេះក្រសួងអប់រំ ត្រូវបង្កើនតួនាទីនៃការអប់រំឱ្យបានច្រើន។

សម្តេចធិបតី បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មិនធ្វើបាបពលរដ្ឋ មិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner