សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់មាតុភូមិកម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ប្រកបដោយភាពជោគជ័យ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាល បានអញ្ជើញមកដល់មាតុភូមិកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមមូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ សម្ដេចធិបតី បានថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិ ដោយផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន ១.បដិវត្តន៍ពិភពលោក ២.វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា និង៣.ការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តន៍កម្ម នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្រៅតែពីការអញ្ជើញថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិហើយនោះ ក្នុងពេលមានវត្តមាននៅសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសម និងជជែកការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ, អនុរដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសអាមេរិក, រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី, រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌា និងប្រធានាធិបតីប្រទេសទីម័រខាងកើតផងដែរ។
ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា ជំនួបសំខាន់ជាងគេ គឺនៅក្រៅក្របខណ្ឌ គឺជំនួបជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក។ ជំនួបនេះ សហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

តាមរយៈលទ្ធផលនៃជំនួបទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីគោលនយោបាយការបរទេស របស់កម្ពុជា ក្នុងនាមសម្តេចជាមេដឹកនាំថ្មីរបស់កម្ពុជា ព្រមទាំងជម្រាបពីគោលនយោបាយអភិវឌ្ឍន៍ដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលថ្មី។ បន្ថែមពីលើនោះ ក៏មានការជជែកពីការពង្រឹងចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយនោះ អគ្គលេខាធិការធិការអង្គការសហប្រជាជាតិ បានជ្រូតជ្រាបពីនយោបាយរបស់កម្ពុជា ហើយបង្ហាញការគាំទ្រមុតមាំលើកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា។
បេសកកម្មក្រៅប្រទេសរបស់សម្តេចធិបតី ផ្តោតលើគោលដៅ៣រួមមាន៖ ការទូត នយោបាយ និងសេដ្ឋកិច្ច។ ដូច្នេះនៅសហរដ្ឋអាមេរិកនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានស្វះស្វែងរកប្រយោជន៍សេដ្ឋកិច្ចផងដែរ ដោយសម្តេចបានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចអាមេរិក និងកម្ពុជា។ ក្នុងវេទិកានោះ សម្តេចធិបតី បានលើកបង្ហាញនូវគោលនយោបាយ និងកិច្ចគាំពារជាច្រើនរបស់រាជរដ្ឋាភិបាលអ្នកវិនិយោគ ហើយសម្តេចបានទទូចឱ្យអ្នកវិនិយោគអាមេរិកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានប្រកាសផ្តល់ការគាំទ្រ និងកិច្ចគាំពារទាំងឡាយ គួបផ្សំនិងភាពអំណោយនានា គឺអ្នកវិនិយោគអាមេរិក នឹងទទួលផ្លែផ្កាលើការវិនិយោគរបស់ពួកគេ។

មុនហោះមកកម្ពុជាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចំណាយពេលវេលាជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា ប្រមាណជា ២ពាន់នាក់។ ក្រៅតែពីការបង្ហាញនូវក្តីនឹករលឹក និងសួរសុខទុក្ខហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជម្រាបពីលទ្ធផលការងាររបស់រាជរដ្ឋាភិបាលថ្មីក្នុងរយៈពេលមួយខែ ព្រមទាំងបង្ហាញគោលបំណងនៃដំណើរទស្សនកិច្ចក្រៅប្រទេស និងលទ្ធផលទទួលបាន។ សម្តេច ក៏បានបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីពាក់ព័ន្ធនឹងវិស័យការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និងង៉ាន ទិត្យ