ប៉ូលីសកំពុងស៊ើបអង្កេតករណីបង្កប់កាំមេរ៉ាក្នុងសណ្ឋាគារនៅម៉ាឡេស៊ីក្រោយវីដេអូគូស្នេហ៍មួយគូត្រូវបានចែកចាយលើបណ្ដាញសង្គម
គូឡាឡាំពួ៖ប៉ូលីសប្រទេសម៉ាឡេស៊ីកំពុងបើកការស៊ើបអង្កេតលើករណីលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់សណ្ឋាគារ Airbnb នៅក្នុងតំបន់ Kota Kinabalu ក្រោយវីដេអូរបស់គូស្នេហ៍ជនជាតិចិនមួយគូត្រូវបាន បង្ហោះចែកចាយពាសពេញបណ្ដាញសង្គម។
ដោយឡែកភ្ញៀវទេសចរចិនប្ដីប្រពន្ធគូនេះបានអះអាងថា ពួកគេបានប្រទះឃើញវីដេអូរបស់ខ្លួននៅលើបណ្ដាញ សង្គមចិនដែលមានឈ្មោះថា Xiaohongshu នៅថ្ងៃទី ១៤ ខែកញ្ញា ក្រោយពួកគេបានស្នាក់នៅ សណ្ឋាគារ Airbnb កាលពីដើមខែកញ្ញា។ បន្ទាប់ពីការបង្ហោះ វីដេអូនោះត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយ និងក្លាយជាវីដេអូដែលមានភាពល្បីល្បាញតែម្ដង។
ក្រោយហេតុការណ៍នេះ ប៉ូលីសនៃតំបន់ Kota Kinabalu បានអះអាងពីការទទួលបានពាក្យបណ្ដឹងពីគូស្នេហ៍មួយគូនោះ និងថាខ្លួនកំពុងតែរកភ័ស្តុតាង ក៏ដូចជាជនដែលបានប្រព្រឹត្តរឿងនេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ប៉ូលីសបានរកឃើញកាំមេរ៉ាដែលបានបង្កប់នៅក្នុងរន្ធជញ្ជាំង ដែលត្រូវបានដាក់ឱ្យបែរទៅរកគ្រែគេងតែម្ដង។ ដោយការខកចិត្ត ប្ដីប្រពន្ធមួយគូនេះបានបង្ហោះតបតនៅលើបណ្ដាញសង្គម ដោយបានសួរថា «តើការទៅទស្សនាប្រទេសម៉ាឡេស៊ីមានសុវត្ថិភាពកម្រិតណា?»
ការបង្ហោះដោយភ្ជាប់សំណួររបស់គូស្នេហ៍ជនជាតិចិនបែបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមចូល បញ្ចេញមតិព្រោងព្រាត ប៉ុន្តែពួកគេក៏ត្រូវបានប៉ូលីសម៉ាឡេស៊ីណែនាំឱ្យលុបការបង្ហោះនោះវិញ ដោយមិនចង់ឱ្យប៉ះពាល់កាន់តែខ្លាំងដល់កិត្តិនាមវិស័យទេសចរណ៍របស់ប្រទេសខ្លួន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី លោក Tiong King Sing បាននិយាយថា នឹងមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើសឬប្រតិបត្តិករសណ្ឋាគារដែលមានការពាក់ព័ន្ធក្នុងរឿងនេះ។
លោក Tiong បាននិយាយនៅលើហ្វេសប៊ុកកាលពីថ្ងៃអាទិត្យថា៖ «ការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង និងសមស្របគួរតែត្រូវបានដាក់លើភាគីណាមួយដែលរកឃើញថាមានពិរុទ្ធ ពីព្រោះទង្វើនេះ មិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មុខមាត់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសផងដែរ»។
លោកបានបន្ថែមថា លោកនឹងចាត់វិធានការតឹងរ៉ឹងចំពោះប្រតិបត្តិករ ឬម្ចាស់សណ្ឋាគារទាំងអស់ដែលបានចុះបញ្ជីក្រោមក្រសួង ប្រសិនបើរកឃើញថាបានប្រព្រឹត្តល្មើសនឹងច្បាប់ នឹងត្រូវប្រឈមនឹងការបិទទ្វាអាជីវកម្មតែម្ដង៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Chinese tourists find hidden camera in power socket of Airbnb room; Sabah police investigating