កូរ៉េខាងជើងនិយាយថា កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ជាលក្ខណៈធម្មជាតិរវាងប្រទេសជិតខាងគ្នា
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទទី២៥ ខែកញ្ញានេះ បានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ក យោល (Yoon Suk Yeol) ចំពោះការរិះគន់កិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងមូស្គូបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំគីមជុងអ៊ុននៅប្រទេសរុស្ស៊ី។កូរ៉េខាងជើងថែមទាំងអះអាងថាវាជាលក្ខណៈ ធម្មជាតិ និង ធម្មតា សម្រាប់អ្នកជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធ។
នៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុនលោក Yoon បាននិយាយថាប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើងបង្កើនកម្មវិធីអាវុធរបស់ខ្លួនជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន នោះវានឹងជា «ទង្វើបង្កហេតុដោយផ្ទាល់»។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន KCNA កូរ៉េខាងជើងឯណោះវិញបានបរិហារលោក Yoon ចំៗ ចំពោះការបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការមិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ី និងបាននិយាយថាលោក Yoon ជាអាយ៉ង ឬជាអ្នកនិយាយ សម្រាប់សហរដ្ឋអាមេរិក។
KCNA រៀបរាប់ថា ៖ «វាជាលក្ខណៈធម្មជាតិ និងជារឿងធម្មតាសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធរវាងគ្នា ហើយគ្មានហេតុផលណាមួយដើម្បីហៅការធ្វើបែបនេះទៅជាការបង្កហេតុនោះទេ»។
គួរជម្រាបថា លោក គីម បានត្រឡប់ទៅដល់កូរ៉េខាងជើងវិញ កាលពីសប្តាហ៍មុន ក្រោយបានចំណាយពេលដំណើរទស្សនកិច្ចផ្លូវការអស់រយៈពេល ១សប្តាហ៍នៅប្រទេសរុស្ស៊ី។ ជាលទ្ធផលលោក គីម និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច។
ជុំវិញជំនួបដ៏កម្ររវាងប្រទេសរុស្សី និងកូរ៉េខាងត្បូង មន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភថា រុស្ស៊ីអាចកំពុងព្យាយាមទិញគ្រាប់រំសេវពីកូរ៉េខាងជើង ដើម្បីបន្ថែមស្ទុកដែលធ្លាក់ចុះក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈកូរ៉េខាងត្បូងបារម្ភថា ទីក្រុងព្យុងយ៉ាងស្វែងរកជំនួយផ្នែកបច្ចេកវិទ្យាសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
គួរបញ្ជាក់ថា រាល់សកម្មភាពណាមួយដែលជួយដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើងត្រូវបានហាមឃាត់ ដោយនេះ គឺជាដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ North Korea says cooperation with Russia ‘natural’ for neighbours