នាយករដ្ឋមន្ត្រីថៃទស្សនកិច្ចផ្លូវការនៅកម្ពុជានាថ្ងៃទី២៨ ខែកញ្ញាខាងមុខ

ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន(SRETTHA THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រថៃ នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការបរទេស​និង​​​សហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

គួររម្លឹកថា មុនដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសថៃ បានជួបប្រជុំពិភាក្សាគ្នាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋ​មន្ត្រីថៃមកកាន់ព្រះរាជាណាចក្រកម្ពុជានៅចុងខែកញ្ញាខាងមុខនេះ។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន(SRETTHA THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញ​ទស្សនកិច្ច​ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា(រូបថតឯកសារ)

តបតាមការញ្ជើញរបស់ ឯកឧត្តម សារ៉ាន់ ចារើនសុវណ្ណ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ លោកជំទាវបណ្ឌិត សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ នៅទី​ក្រុងបាងកក កាលពីថ្ងៃទី១៤-១៥ ខែកញ្ញាកន្លងទៅ។

នៅក្នុងឱកាសទស្សនកិច្ចការងារនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការ និងឯកឧត្តម លេខាធិការអចិន្ត្រៃយ៍ បានពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃលើគ្រប់វិស័យ ដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ ការងារ ការដោះមីន និងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស។

ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរបានផ្តោតការពិភាក្សាអំពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋ​មន្ត្រីថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជានៅចុងខែកញ្ញាខាងមុខនេះ។

លោកជំទាវបណ្ឌិត រដ្ឋលេខាធិការ និងឯកឧត្តម លេខាធិការអចិន្ត្រៃយ៍ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិសយ័របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រទាំងពីរនឹងកាន់តែត្រូវ​បាន​បន្តពង្រឹង និងពង្រីកបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ៕ដោយ៖ពលជ័យ

ads banner