ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបំភ្លឺព័ត៌មានស្តីពី ការគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីបានឱ្យដឹងថា នៅក្នុងអំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣៥ មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) គាំទ្រសម្ដេចធិបតី នៅតំបន់ Time Square ថាជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញ នយោបាយ និងបំភាន់សាធារណៈមតិ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រសម្ដេចធិបតី តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី សូមធ្វើការបញ្ជាក់ជូនសាធារណជនទាំងអស់ដូចខាងក្រោម៖
១.ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ ពុំមែនជាការចាត់តាំងឱ្យរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក៏មិនបានចំណាយថវិការបស់រាជរដ្ឋាភិបាលនោះដែរ។
២.ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺផ្តើមចេញពីមនោសញ្ចេតនា ទឹកចិត្ត ស្រលាញ់ និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា ចំពោះសម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញចូលរួមជាលើកទី១ ក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។
៣.ការរៀបចំការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូខាងលើ គឺមានការសម្របសម្រួលពីបងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិក និងមានការចូលរួមគាំទ្រផ្សព្វផ្សាយដោយឥតគិតថ្លៃពីក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយតាម billboard) នោះផងដែរ៕
ដោយ៖ពលជ័យ

ads banner