អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការបញ្ជាក់របស់អនុរដ្ឋមន្ត្រីស្តីទីការបរទេសអាមេរិក ប្រៀបដូចជាដំបងសំពងទៅលើក្រុមប្រឆាំង និងក្រុមអ្នកវិភាគនៅក្រៅប្រទេស

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយបានថ្លែងថា ពាក់ព័ន្ធនឹងការបញ្ជាក់របស់លោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីស្តីទីការបរទេសអាមេរិក នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលលោកស្រីក្នុងតំណាងជារដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា នឹងផ្តល់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារ មកឱ្យកម្ពុជាវិញ ដោយមិនចាំបាច់កម្ពុជាធ្វើការស្នើសុំ។ នេះគឺជាដំបងមួយដ៏ធំដែលសំពងទៅលើក្បាលក្រុមអ្នកដែលប្រឆាំងនៅក្រៅស្រុក ព្រោះពួកគេបានផ្សព្វផ្សាយបំផុសបំផុលថា សហរដ្ឋអាមេរិក ឬក្រសួងការបរទេសអាមេរិក ឬក៏សភាអាមេរិកនឹងហៅសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅសួរចម្លើយ ហើយនឹងដាក់គំនាបគាបសង្កត់ ក៏ប៉ុន្តែជាលទ្ធផលនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក គឺភាគីអាមេរិកបានស្នើសុំផ្តល់ជំនួយ១៨លានដុល្លារត្រឡប់មកកម្ពុជាវិញ។

លោកបានបន្តថា បើសិនជាយើងពិនិត្យមើលរយៈពេលនៃការផ្តាច់ជំនួយ និងរយៈពេលសម្រេចចិត្តផ្តល់ជំនួយមកឲ្យកម្ពុជាវិញ គឺមានរយៈពេល៦០ថ្ងៃគត់ គិតត្រឹមពីក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មកដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ គឺ៦០ថ្ងៃគត់ ពោលមានន័យថា ៦០ថ្ងៃមុន រដ្ឋាភិបាលអាមេរិក ក្រសួងការបរទេសអាមេរិក គឺបានទទួលនៅការវាយតម្លៃខុស ទទួលរបាយការណ៍ខុស ធ្វើឱ្យមានការវាយតម្លៃខុសរវាងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ធ្វើឲ្យរដ្ឋាភិបាលអាមេរិកសម្រេចចិត្តខុសនៅក្នុងការព្យួរ ឬក៏ផ្តាច់ជំនួយអភិវឌ្ឍន៍១៨លានដុល្លារ តាមរយៈទីភ្នាក់ងាររអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ប៉ុន្តែ ៦០ថ្ងៃក្រោយ គឺសហរដ្ឋអាមេរិកបានវិនិច្ឆ័យត្រឹមត្រូវ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនៃការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបន្តទៀតថា សហរដ្ឋអាមេរិកដែលបានវាយខុសកាលពី៦០ថ្ងៃមុន ហើយដែលបានទទួលរបាយការខុសពីកម្ពុជាស្តីអំពីស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ គឺបានកែតម្រូវនូវជំហររបស់ខ្លួន និងដឹងខ្លួនសាជាថ្មីឡើងវិញនៅក្នុងការបំពេញកាតព្វកិច្ចក្នុងឋានៈជារដ្ឋភាគីដែលមានទំនាក់ទំនងការទូតជាមួយគ្នា ហើយទទួលស្គាល់នូវនយោបបាយការទូតឯករាជក្យផ្អែកលើច្បាប់របស់កម្ពុជា។ ហេតុនេះហើយបានជាជំហររបស់សហរដ្ឋអាមេរិកមានការប្តូរផ្លាស់ ហើយបានផ្តល់ជំនួយមកឲ្យកម្ពុជាតាមរយៈកម្មវិធីទីភ្នាក់ងាររអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដោយគ្មានលក្ខខណ្ឌ និងពុំចាំបាច់មានការស្នើសុំពីភាគីរដ្ឋាភិបាលកម្ពុជា។ នេះគឺជាអ្វីដែលយើងអាចឃើញនូវការធ្វើឲ្យប្រសើរឡើងនៅទំនាក់ទំនងជាវិជ្ជមានរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក។ នេះជាដំបងមួយសំពងយ៉ាងធ្ងន់ធ្ងរទៅលើក្រុមប្រឆាំង និងក្រុមអ្នកវិភាគនៅក្រៅប្រទេស ដែលពីមុខពួកគេខិតខំប្រឹងប្រែងឃោសនាបញ្ចេញសារនយោបាយគ្រប់សព្វបែបយ៉ាងដើម្បីភូតភរបោកប្រាស់ប្រជាពលរដ្ឋថា សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា និងដកជំនួយសព្វបែបយ៉ាងពីកម្ពុជា។ ប៉ុន្តែអ្វីជាលទ្ធផលមកវិញ គឺថាសហរដ្ឋអាមេរិកបានឆ្លើយតបមកកម្ពុជាក្នុងរូបភាពមួយដែលទទួលស្គាល់ការពិតនៅការវាយតម្លៃខុសរបស់ខ្លួន នៅកំហុសរបស់ខ្លួនដែលស្តាប់ការរាយការណ៍ និងទទួលរបាយការណ៍មិនពិតអំពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ថា សរុបសេចក្តីទៅការឆ្លើយតបមួយនេះ គឺជាការចាប់ផ្តើមដ៏មានអត្ថន័យឡើងវិញនៅទំនាក់ទំនងការទូតរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់នៅជំហរច្បាស់ផងដែរថា កម្ពុជាគោរពនៅរដ្ឋធម្មនុញ្ញរបស់ខ្លួន មិនអនុញ្ញាតឱ្យមានកងទ័ពបរទេសឈរជើងនៅលើទឹកដីកម្ពុជាដាច់ខាត ដែលសម្តេចធិបតី បានបញ្ជាក់ទៅភាគីអាមេរិកតាមរយៈអនុរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសអាមេរិក។ ដំណើរបេសកកម្មរបស់សម្តេចធិបតីនាពេលនេះ គឺមានភាពជោគជ័យជូនជាតិមាតុភូមិ៕
ដោយ៖ពលជ័យ

ads banner