ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរស្រុកប្រាសាទសំបូរ យកចិត្តទុកដាក់ណែនាំដល់ប្រជាជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលទឹកជំនន់នៅតែបន្តកើនឡើង
(កំពង់ធំ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ បានណែនាំដល់អាជ្ញាធរដែនដី យកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព គ្រាដែលទឹកជំនន់នៅតែបន្តកើនឡើង។ ជាមួយនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ ត្រូវវាយតម្លៃឲ្យបានច្បាស់ លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាត និងដោះស្រាយជូនប្រជាពលរដ្ឋយើងឲ្យបានទាន់ពេលវេលា ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងដូច្នេះ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥កញ្ញា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្តកំពង់ធំ និងលោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

លោកអភិបាលស្រុក បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ថ្ងៃមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យមានជំនន់ទឹកភ្លៀង បង្កការប៉ះពាល់នៅតាមបណ្ដាភូមិឃុំមួយចំនួនរបស់ស្រុកប្រាសាទសំបូរ ហើយកាលពីថ្ងៃទី២៣កញ្ញា មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ត្រូវបានទឹកហូរគួចបណ្តាលឲ្យលង់ទឹក ទទួលមរណភាព នៅភូមិចារ្យ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍អំពីការប្រុងប្រៀបកងកម្លាំង សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរសម្រាប់ចល័តអន្តរាគមន៍បានរួចរាល់ ហើយប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី និងបទបញ្ជារបស់ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឲ្យទទួលបានជោគជ័យ ដើម្បីបម្រើប្រជាជន ។

ជាមួយនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឲ្យមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ដែលកើតមានឡើងនេះឲ្យទាន់ពេវេល ៕




ដោយ ប៊ុន រដ្ឋា