មន្រ្តីអប់រំ និងគ្រូបង្រៀនកម្ពុជា ទទួលបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅកូរ៉េខាងត្បូង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន ២០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិ ទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀន ក្នុងបរិបទឌីជីថល នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដែលវគ្គបណ្តុះបណ្តាលនេះ នឹងជួយជំរុញសមត្ថភាពមន្រ្តីអប់រំ និងគ្រូបង្រៀនកម្ពុជាកាន់តែខ្លាំងថែមទៀត។

ក្រសួងអប់រំបានប្រកាសតាមហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំកម្ពុជា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន។ វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ដែលវគ្គនេះរៀបចំក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនួយដល់ការបង្រៀន និងរៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។

ក្រសួងអប់រំ លើកឡើងថា ៖ «សិក្ខាកាមទាំងអស់បានទទួលការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI), ការសិក្សាពីពិភពសិប្បនិមិត្ត (Metaverse) ជំនួយក្នុងការបង្រៀន និងរៀនរបស់សិស្សនៅលើប្រព័ន្ធអនឡាញ, ការសិក្សាពីកម្មវិធីសរសេរកូដ (Coding) និងមានការទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់ពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិតថែមទៀត»។

តាមរយៈក្រសួងអប់រំ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់មន្ទីរអប់រំ នៃទីក្រុងប៊ូសានប្រទេសកូរ៉េ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។

លោកថា ៖ «តាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងផ្ដល់ឱកាសឱ្យលោកគ្រូ-អ្នកគ្រូកម្ពុជាបានចូលរួម ទទួលបានបំណិនឌីជីថលចាំចាច់ ក៏ដូចជាការខិតខំ និងព្យាយាមសិក្សារបស់សិក្ខាកាមទាំងអស់របស់កម្ពុជា សម្រាប់បន្តយកទៅចែករំលែក បណ្ដុះបណ្ដាលបន្ដដល់គ្រូបង្រៀន និងសិស្សនៅតាមសាលារៀងៗខ្លួន»។

ជុំវិញរឿងនេះលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី ២៥ ខែកញ្ញា បានលើកឡើងថា នាប៉ុន្មានឆ្នាំចុងក្រោយ ការបង្រៀនដោយប្រើប្រាស់ព័ត៌មានបច្ចេកវិទ្យាព័ត៌មាន ពិសេសតាមប្រព័ន្ធ AI ឃើញថាមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ហេតុនេះ លោកគាំទ្រឱ្យក្រសួង ពង្រីកកិច្ចសហការនានាជាមួយអន្តរជាតិ ពិសេសមន្ទីអប់រំ ឬក្រសួងអប់រំជាមួយបណ្តាប្រទេសផ្សេងៗ។

បើតាមក្រសួងអប់រំ សម្រាប់ឆ្នាំ២០២៣នេះ កម្មវិធីវគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានរៀបចំឡើងយ៉ាងល្អច្បាស់លាស់ សម្រាប់សិក្ខាកាមដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីស្របនឹងបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដែលបានកើតឡើង និងវិវត្តយ៉ាងឆាប់រហ័យនៅក្នុងការរស់នៅរបស់យើងទាំងអស់គ្នា ជាពិសេសបច្ចេកវិទ្យាថ្មី សម្រាប់ជំនួយដល់ការបង្រៀន និងរៀន។

ក្រសួងអប់រំអះអាងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ និងមន្ទីរអប់រំ ទីក្រុងប៊ូសាន ប្រទេសកូរ៉េ ក៏បានចូលរួមយ៉ាងចំណែកយ៉ាងសកម្មលើកស្ទួយទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ជាពិសេសគឺជួយកាត់បន្ថយ គម្លាតឌីជីថលក្នុងវិស័យអប់រំរបស់កម្ពុជា ការចូលរួមគាំទ្រនូវសកម្មភាពកំណែទម្រង់របស់ក្រសួងលើការអភិវឌ្ឍ សមត្ថភាពបុគ្គលិកអប់រំ ការលើកកម្ពស់ការអប់រំបែបឌីជីថលលើការអប់រំសរសេរកូដ និងបញ្ញាសិប្បនិម្មិតជាដើម៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner