មន្រ្តី និងអ្នកវិភាគ៖ ទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីថៃ នឹងជំរុញនូវការពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែម
ភ្នំពេញ៖អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឱ្យដឹងថា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ ខែកញ្ញាថា ការមកបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថែ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី២៨ ខាងមុខនេះ ជាការឆ្លើយតបនឹងការអញ្ជើញពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃក្នុងឱកាសនេះ នឹងជំរុញនូវការពង្រឹងនូវទំនាក់ទំនងដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់ល្អប្រសើរឡើងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ជាដើម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ»។
បើតាមការលើកឡើងរបស់ឯកឧត្តម មាស សុភ័ណ្ឌ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងអញ្ជើញដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ។ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក៏អញ្ជើញជួបសម្តែងការគួរសមចំពោះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី, ជួបសម្តែងការគួរសមចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបប្រជុំទ្វេភាគីជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ។
មិនតែប៉ុណ្ណោះ ក្នុងដំណើរបំពេញទស្សនកិច្ចនេះដែរ ឯកឧត្តម សេដ្ឋា ថាវីស៊ីន ក៏នឹងជួបសម្តែងការគួរសមចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមនូវកម្មវិធីផ្សេងៗមួយចំនួនទៀតផងដែរ ដូចជាកម្មវិធីជប់លៀងផ្លូវការដែលរៀបចំដោយ នាយករដ្ឋមន្រ្តីកម្ពុជា។
ជុំវិញការបំពេញទស្សនកិច្ចនាពេលខាងមុខនេះ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់ឱ្យដឹងដែរថា ដំណើរទស្សនកិច្ចនេះពិតជាមានសារៈសំខាន់សម្រាប់ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយក៏ជាការបង្ហាញឱ្យឃើញនូវសញ្ញានៃការរត់រកគ្នារវាងមេដឹកនាំទាំងពីរ។
លោកបានបន្តថា ប្រទេសថៃ និងកម្ពុជាតែងតែត្រូវការគ្នា ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងទំនាក់ទំនងរវាងមេដឹកនាំ និងមេដឹកនាំ។
លោក គិន ភា បានថ្លែងថា ៖ «បើនិយាយពីទិដ្ឋភាពនយោបាយ យើងឃើញថាមេដឹកនាំទាំងពីរប្រទេសជាពិសេសមកពីគណបក្សកាន់អំណាចទាំងពីរនេះតែងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកគ្រប់វេទិកាតំបន់ និងពិភពលោក ហើយជាពិសេសគឺពាក់ព័ន្ធនឹងនយោបាយផ្ទៃក្នុងរៀងខ្លួនៗ គឺត្រូវការគ្នា ថៃត្រូវការកម្ពុជា ហើយកម្ពុជាក៏ត្រូវការថៃ»។
ចំណែក ផ្នែកសេដ្ឋកិច្ចក៏ដូចគ្នាដែរគឺភាគីទាំងពីរនៅតែត្រូវការគ្នាទៅវិញទៅមក ដោយកម្ពុជាត្រូវការនាំទំនិញមកពីប្រទេសថៃតាមរយៈការយកពន្ធផ្សេងៗ ការវិនិយោគ ការផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ ហើយក៏ត្រូវការប្រទេសថៃសម្រាប់ការបញ្ជូននូវពលករខ្មែរចេញទៅធ្វើការនៅប្រទេសនោះដែរ។
លោកថា៖ «រីឯថៃ ក៏ត្រូវការកម្ពុជាដែរ ត្រូវការកសិផលដែលនាំចេញពីកម្ពុជាទៅ ហើយអ្វីដែលត្រូវការសំខាន់ផងដែរនោះគឺកម្លាំងពលករពីកម្ពុជា ពីព្រោះការងារមួយចំនួនត្រូវប្រើកម្លាំងរបស់ពលករខ្មែរ ដែលការងារខ្លះប្រជាជនថៃមិនធ្វើនោះទេដោយសារវាត្រូវការប្រើកម្លាំងកាយ ហើយដូចជាបើខ្មែររិតត្បិតកម្មកររបស់ខ្លួនចេញទៅធ្វើការនៅថៃ ក៏ថៃជួបបញ្ហាផងដែរ»។
សូមរម្លឹកដែរថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ដែលជាដែលប្រទេសថៃ និងកម្ពុជា ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។
ក្នុងថ្ងៃនោះដែរ សម្ដេចធិបតីនាយករដ្ឋន្រ្តី ហ៊ុន ម៉ាណែត បានទូរសព្ទអបអរសាទរគ្នាទៅវិញទៅមក ជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្រ្តី ដោយថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាចិត្តនឹងពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឱ្យរីកចម្រើនបន្ថែមទៀត៕ ដោយ៖សំបាន ច័ន្ទដារ៉ា