ក្រសួងធម្មការចេញសារាចរហាមយកព្រះពុទ្ធសាសនាមកលេងសើច និងឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត
ភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តម ចាយ បូរិន បានចេញសារាចរណែនាំនូវការអនុវត្តគោលការណ៍ប្រណិប័តន៍លើជំនឿ សាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បន្ទាប់ពីមានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរព្រះពុទ្ធសាសនា។
ឯកឧត្តមបានលើកឡើងតាមរយៈសារាចរណែនាំចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ព្រះពុទ្ធសាសនានៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងស្មារតីនៃការគោរព ប្រណិប័តន៍ និងបណ្ដុះនូវស្មារតីសីលធម៌ និងគុណធម៌ ដែលជាប្រភពនៃការទ្រទ្រង់ព្រះពុទ្ធសាសនា ធ្វើឱ្យកង់ពុទ្ធចក្រនិងអាណាចក្រ ធ្វើដំណើររួមគ្នាដោយខានពុំបាន ក្នុងការអភិវឌ្ឍជាតិឆ្ពោះទៅរកភាពសម្បូរ រុងរឿង សុខសន្តិភាព សម្រាប់មនុស្សជាតិ។
សារាចរបានបន្តទៀតថា ៖ «ក្រសួងធម្មការ និងសាសនា បានពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានបុគ្គលមួយចំនួន បានធ្វើសកម្មភាពខាងជំនឿ និងប្រណិប័តន៍ខាងផ្លូវសាសនាជ្រុលនិយម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា របៀបរៀបរយសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់សង្គមខ្មែរ»។សកម្មភាពទាំងនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបុគ្គល រួមទាំងជំនឿសាសនា តាមរយៈសកម្មភាពឃោសនា ផ្សព្វផ្សាយ ដែលមានចរិតលើកទឹកចិត្តឱ្យប្រើអំពើហិង្សា អាកប្បកិរិយា អរិភាព ការរើសអើង សកម្មភាពអាសអាភាស កុហកភូតភរ ដែលទង្វើទាំងនោះមិនស្របទៅនឹងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តដែលមានជាធរមាន។
ឈរលើស្មារតីនេះ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានធ្វើការណែនាំនូវចំណុចសំខាន់ៗមួយចំនួន ដោយក្នុងនោះ ហាមដាច់ខាតការយកត្រៃយ៍ចីវរទៅស្លៀកដណ្តប់តាមទំនើងចិត្ត ការលួចយកបូជនីយវត្ថុដែលធ្វើឱ្យខូចខាតដល់បូជនីយដ្ឋាននានារបស់សាសនា។
សារាចរ ក៏បានហាមយកព្រះពុទ្ធសាសនាធ្វើអាជីវកម្មតាមគ្រប់រូបភាពរួមមាន៖ ទេសនាបង្រៀនធម៌ ផ្សព្វផ្សាយប្រាសចាកធម៌វិន័យ សេចក្តីពិតនៃព្រះធម៌ មន្តអាគមអូមអាម សីលវិជ្ជាការ (ទុវិជ្ជា)ដែលជាសកម្មភាព មានលក្ខណៈបោកប្រាស់។
សារាចរបញ្ជាក់ថា ៖ «មិនត្រូវយកទង់ព្រះពុទ្ធសាសនា ព្រះបដិមា ឬវត្ថុជាទីសក្ការៈនៃសាសនា ទៅធ្វើការទាក់ទាញ បំភាន់ ឬបោកប្រាស់មហាជន ក្នុងបំណងបម្រើផលប្រយោជន៍បុគ្គល បក្សពួកក្រុមរបស់ខ្លួន ដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម»។
សារាចរ ក៏បានហាមយកពុទ្ធដីកាទៅបំប្លែង ឬកំប្លុកកំប្លែង ធម៌រ៉ែប ជេរប្រមាថ ដើម្បីស្វែងរកលាភសក្ការៈ និងមិនត្រូវយកព្រះពុទ្ធរូប ឬសញ្ញាសម្គាល់ព្រះពុទ្ធសាសនា ទៅដាក់ក្នុងវត្ថុប្រើប្រាស់មិនគប្បី ដើម្បីផ្សាយ ពាណិជ្ជកម្មទាក់ទាញរកផលប្រយោជន៍ ឬតម្កល់ទុកក្នុងទីមិនសមគួរ ឬដាក់តម្កល់ដើម្បីលម្អទាក់ទាញ (ហាងផឹកស៊ី បន្ទប់ទឹក បង្គន់ ខោទ្រនាប់ ទ្រនាប់ជើងជាដើម)។
រដ្ឋមន្រ្តី ចាយ បូរិន សង្កត់ធ្ងន់ថា ៖ «មន្ទីរធម្មការ និងសាសនា រាជធានីខេត្ត និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត»៕


ដោយ៖គឹម យុត្ថារ៉ូ