ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន កម្មវិធីចំនួន ២ មានទឹកប្រាក់ ១៤០លានដុល្លារអាមេរិក

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

កម្មវិធីចំនួន ២ មានដូចជា៖ ១- កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ២ – អនុកម្មវិធីទី ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ; ២). ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង ៣). ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាម៉េរិក ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។ ២- កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត – អនុកម្មវិធីទី ១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ។ កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្តាល ក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ ។ កម្មវិធីនេះគ្រោង នឹងចំណាយថវិកាសរុប ១៣១,៣០ លានដុល្លាអាមេរិក ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០ លាន ដុល្លាអាមេរិក ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ពីសំណាក់ ADB ។ ជារួម, គោលបំណងនៃកម្មវិធីទាំង ២ ដែលទើបត្រូវបានចុះហត្ថលេខានេះ នឹងចូលរួមឆ្លើយតបប្រកបដោយប្រសិទ្ធភាព នឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបបានប្រកាសដាក់ចេញសម្រាប់អនុវត្ត កាលពីពេលថ្មីៗ កន្លងទៅ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែល ADB បាន ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទាន មាន ទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ ប៊ីលានដុល្លារអាមេរិក សម្រាប់អនវុត្តគម្រោង/កម្មវិធីចំនួន ១៣៧ និងហិរញ្ញប្បទាន ឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៧០ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្តល់ហិរញ្ញប្បទានសហប្រតិ-បត្តិការរបស់ ADB ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner