ក្រុមបាល់ទាត់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាជ្រោយចង្វារ ឈ្នះជើងឯកព្រឹត្តិការណ៍កីឡាមហាជន រាជធានីភ្នំពេញ ឆ្នាំ២០២៣
(ភ្នំពេញ)៖ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខណ្ឌជ្រោយចង្វារបានឈ្នះជើងឯក លើប្រភេទកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាមហាជន រាជធានីភ្នំពេញ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះលើ ក្រុមអាស៊ូរ៉ា អេហ្វធី ( Asura Ft) ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ។
នាឱកាសបិទការប្រកួតនា ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានសម្ដែងការអបអរ ចំពោះក្រុម សម្ព័ន្ធយុវជនមុស្លិមកម្ពុជាខណ្ឌជ្រោយចង្វារ ដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ប្រកបដោយទេពកោសល្យ រហូតបានក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍កីឡាមហាជន នាពេលនេះ ។

លោក បានលើកទឹកចិត្តដល់កីឡាករ ដែលទទួលបានជ័យលាភីទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តបង្កើនសមត្ថភាព ដើម្បី ចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោក អ៊ុក ចន្ថា បានកោតសរសើរ ដល់ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកនាពេលនេះ ដែលជាការបង្ហាញពី ការចូលរួមដោយស្មោះ ក្នុងការកសាង និងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនមហាជន ឱ្យចូលរួមហាត់ និងលេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និង ចូលរួមកាត់បន្ថោយនូវអំពើអបាយមុខក្នុងសង្គម។ «ការហាត់ និងលេងកីឡាជាកត្តាចាំបាច់ ដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមកធ្វើឱ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង»។ក្រោយពិធីបិទ ការប្រកួត ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានគណៈពង្រឹងខណ្ឌជ្រោយចង្វារ ដែលអញ្ជើញចូលរួមជាគណៈអធិបតីបានអះអាង ថា ឯកឧត្តមនឹងបន្តផ្ដល់ ការឧបត្ថម្ភគាំទ្រ និង លើកទឹកចិត្តដល់ក្រុមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាជ្រោយចង្វារ លើប្រភេទបាល់ទាត់ ក៏ដូចជាកីឡាផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពកីឡា ដល់យុវជនយើងឲ្យកាន់តែខ្លាំងក្លា និងឲ្យពួកគាត់ចេះស្រឡាញ់គ្នា រួមសាមគ្គីគ្នា ចៀស ឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗ ដើម្បីរួមចំណែកកសាងនិង អភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចំរើន ។

គួរបញ្ជាក់ថា ការប្រកួតកីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លើ៤ប្រភេទកីឡាដូចជាបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម។ សម្រាប់លទ្ធលក្នុងការប្រកួតនេះ លើប្រភេទកីឡាបាល់ទាត់ ជើងឯកបានទៅក្រុមកីឡាបាល់ទាត់ សម្ព័ន្ធយុវជនមូស្លីមកម្ពុជា ឯជើងឯករង បានទៅក្រុមកីឡាបាល់ទាត់អាស៊ូរ៉ា អេហ្វធី និង ចំណាត់ថ្នាលេខ ៣ បានទៅក្រុមកីឡាបាល់ទាត់ វិទ្យាល័យជាស៊ីមជ្រោយចង្វារ ។ លើ ប្រភេទកីឡាបាល់ បោះ លេខ ៣ បានលើ ក្រុម វិទ្យាល័យព្រះយុគន្ធរ លេខ ២ បានទៅ ក្រុម SOS និងចំណាត់ថ្នាក់ល លេខ ១ បានទៅ ក្រុម វិទ្យាល័យព្រះស៊ីសុវត្ថិ។ចំណែក ប្រភេទកីឡាបាល់ទះ វិញ លេខ ៣ បានទៅក្រុម វិទ្យាល័យជាស៊ីមជ្រោយចង្វារ លេខ ២ ក្រុម វិទ្យាល័យជាស៊ីមសាមគ្គី ឯក្រុមជើងឯក បានទៅក្រុម បាល់ទះ បក្សីឆ្លងដែន៕

រូបភាព ងីម ឆៃហួត អត្ថបទ៖ជាវ ចន្ធូ