កម្ពុជា-អាមេរិកប្តេជ្ញាក្នុងការបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ផាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ជាកិច្ចចាប់ផ្តើម សម្តេចធិបតី បានទទួលស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការីនិងបានជម្រាបពីលទ្ធផលល្អដែលសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក ជាពិសេស នាជំនួបទ្វេភាគីជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក។

ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ ប្រាក់ជំនួយដែលត្រូវបានផ្តល់ជូនឡើងវិញនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងវិស័យសំខាន់ៗ ដូចជា៖ (១) ការកែលម្អការផ្ដល់សេវាសុខាភិបាលទាំងក្នុងផ្នែករដ្ឋ និងផ្នែកឯកជន (២)ការការពារបរិស្ថានប្រកបដោយចិរភាព (៣) ការការពារ និងការប្រយុទ្ធនឹងជំងឺរបេង និង (៣) ការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាជាដើម។

ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តសម្របសម្រួល និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់ជំហាននៃនីតិវិធី ពោលគឺ៖ (១)ពន្លឿននីតិវិធីក្នុងការកំណត់អត្តសញ្ញាណ និងការរៀបចំបញ្ជូនពលរដ្ឋខ្មែរ មកកម្ពុជា (២) ធ្វើសាមញ្ញកម្មនីតិវិធី នៅពេលបញ្ជូន និង (៣) រៀបចំផែនការសកម្មភាពនៃការគាំទ្រ និងការធ្វីសមាហរណកម្ម សម្រាប់ឱ្យពលរដ្ឋខ្មែរ អាចបន្ស៊ាំ និងអាចធ្វីសមាហរណកម្មទៅក្នុងសង្គមកម្ពុជាវិញ សំដៅកសាងជីវិតថ្មីមួយ ឱ្យបានល្អសមស្រប នៅលើទឹកដីកម្ពុជា។

ចំពោះបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន (POW/MIA) សម្តេចធិបតី បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ និងបានរៀបចំកែសម្រួលសមាសភាពនៃគណៈកម្មការ POW/MIA ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានរហ័សទាន់ពេល និងជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា និងបន្តកិច្ចប្រតិបត្តិការ នៅក្នុងវិស័យផ្សេងទៀត ដែលប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់បំផុត។

ជាកិច្ចបញ្ចប់ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក។ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តផងដែរ ក្នុងបន្តនូវកិច្ចសហប្រតិបត្តិជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner