ក្រុមហ៊ុន Smart Axiata បើកដំណើរការដំណោះស្រាយសហគ្រាស “Smart for Business” ជាផ្លូវការ
ភ្នំពេញ : ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវ ដំណោះស្រាយបច្ចេកវិទ្យាសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មរបស់ខ្លួន ដែលដំណោះស្រាយនោះមានឈ្មោះថា “Smart for Business”។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Smart បានធ្វើបទបង្ហាញនូវដំណោះស្រាយបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អតិថិជនដែលជាសហគ្រិន ដែលជាម្ចាស់ សហគ្រាសធុនធំ តូច និងមធ្យម។ ដំណោះស្រាយសម្រាប់អាជីវកម្មទាំងនោះគឺត្រូវបានបង្កើតឡើង ដើម្បីពង្រឹង និងផ្តល់នូវ វិធីសាស្រ្តថ្មីប្រកបដោយគុណភាពនៃការទំនាក់ទំនង សុវត្ថិភាពឌីជីថល រួមទាំងប្រសិទ្ធភាពនៃការចំណាយ និងសុវត្ថិភាពប្រតិបត្តិការ ក្នុងយុគសម័យឌីជីថលដែលកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សនេះ។ ជាមួយនឹងការផ្ដល់ជូនដ៏សម្បូរបែប នៃដំណោះស្រាយអាជីវកម្មចំនួន១២ប្រភេទ ក្រុមហ៊ុន Smart មានគោលបំណងបំពេញតម្រូវការទូទៅ នៃអាជីវកម្មក្នុងយុគសម័យឌីជីថល។ ការផ្តល់ជូននេះគ្របដណ្តប់លើផ្នែកជាច្រើននៃអាជីវកម្មដូចជា ការតភ្ជាប់ ទំនាក់ទំនង ការគ្រប់គ្រងយានយន្ត អង្គផ្ទុកទិន្នន័យអនឡាញ និងធនធានមនុស្ស។
លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart បានថ្លែងអំណរគុណ ចំពោះដៃគូដែលបានផ្តល់ទំនុកចិត្តលើក្រុមហ៊ុន Smart រហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកបានសង្កត់ធ្ងន់ថាដំណោះស្រាយថ្មីទាំងនេះនឹងបន្តជួយដល់ដៃគូរអាជីវកម្មបស់ក្រុមហ៊ុនស្មាតក្នុងការឈានទៅរកភាពជោគជ័យកាន់តែខ្ពស់នៅក្នុងទីផ្សារអាជីវកម្មដែលពោរពេញដោយការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ លោក Ziad បានបន្ថែមទៀតថា នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើររបស់យើងប៉ុណ្ណោះ។ ក្រុមការងារយើងនឹងខិតខំប្រឹងប្រែងធ្វើការដោយមិនគិតពីការនឿយហត់ក្នុងការលើកកម្ពស់សេវាកម្មរបស់យើង ហើយពួកយើងនៅតែរក្សានូវការប្តេជ្ញាចិត្ត ក្នុងការនាំយកដំណោះស្រាយដែលគួរឱ្យទុកចិត្ត ស្របតាមតម្រូវការរបស់អតិថិជន និងបន្ថែមជាសារៈប្រយោជន៍ទៅដល់អាជីវកម្មរបស់ដៃគូរបស់យើង។ នៅក្នុងកម្មវិធីនេះ ដៃគូអាជីវកម្មដែលបានចូលរួមបានធ្វើជាសាក្សីនៃការដាក់តាំងបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍នៃសេវាកម្មទំនើបដែលបង្ហាញដោយក្រុមហ៊ុន Smart ។
ព្រឹត្តិការណ៍នេះគឺជាវេទិកាពិសេសមួយសម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្មអាច ស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងក្តាប់យកឪកាសប្រកបដោយសក្តានុភាពរបស់ពួកគេ។ ការ ដាក់ ឱ្យ ដំណើរការនូវដំណោះស្រាយបច្ចេកវិទ្យា ទាំង នេះ ស្របទៅ នឹង ចក្ខុវិស័យ របស់ រដ្ឋាភិបាល កម្ពុជា ក្នុង ការសម្រេចឲ្យបាននូវប្រព័ន្ធ សេដ្ឋកិច្ច និងសង្គម ឌីជីថល ។ តាមរយៈការផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងដ៏សម្បូរបែប ក្រុមហ៊ុន Smart មានគោលបំណងរួមចំណែកដល់ការរីកលូតលាស់ និងភាពជោគជ័យនៃអាជីវកម្មគ្រប់ទំហំនៅទូទាំងប្រទេស៕
អត្ថបទ: ឈឹម ទីណា