តម្លៃស៊ុតមាន់ចិញ្ចឹមមានទីផ្សារល្អ និង អ្នកចិញ្ចឹមអាចរកប្រាក់ចំណេញពី ៣០ ទៅ ៤០ភាគរយ
(ភ្នំពេញ)៖ ក្រុមម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតលក់នៅកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលជិត២ឆ្នាំមកនេះពងមាន់ចិញ្ចឹមរបស់ពួកគាត់កំពុងមានទីផ្សារល្អ ដោយក្នុងនេះពុំមានការប្រជែងទីផ្សារជាមួយការនាំស៊ុតចូល ពីប្រទេសជិតខាងទៀតឡើយ។
តាមរយៈទីផ្សារល្អ និងតម្រូវការស៊ុតមាន់កាន់តែកើនឡើងនេះដែរ បានជួយឱ្យអត្រាចិញ្ចឹមរបស់ពួកគាត់អាចរកប្រាក់ចំណេញក្នុងចន្លោះពី៣០ទៅ៤០ភាគរយ។
អ្នកស្រី ពីង ភីរម្យ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយកន្លែងនៅ ខេត្ត បាត់ដំបង បានប្រាប់ឱ្យដឹងថាអ្នកស្រីបានចិញ្ចឹមមាន់យកស៊ុតជាង ១ម៉ឺនក្បាល ហើយវាបានផ្តល់ស៊ុតលក់រៀងរាល់ថ្ងៃដោយក្នុងនេះ ស៊ុតបោះដុំ លក់មួយគ្រាប់ចាប់ពី៤០០ ទៅ៤៥០រៀលនិង៤៧០រៀល ទៅតាមទំហំស៊ុតតូចធំ។ស៊ុតមានប៉ុន្មានគេយកអស់ៗដោយក្នុងនេះ បានលក់ទាំងក្នុងខេត្ត បាត់ដំបង និងទៅកាន់រាជធានីភ្នំពេញផងដែរ។
ម្ចាស់កសិដ្ឋានរូបនេះប្រាប់ថាបច្ចុប្បន្នចំណីមាន់ពងស្ថិតនៅក្នុងតម្លៃមួយខ្ពស់គួរសម តែយ៉ាងណាក៏អាចជួយឱ្យកសិដ្ឋានរបស់អ្នកស្រីអាចរកប្រាក់ចំណេញចន្លោះពី ៣៤ទៅ៤០ភាគរយ។
លោក ភី ទី ម្ចាស់កសិដ្ខានចិញ្ចឹមមាន់យកស៊ុតស្ថិតនៅ ឃុំ កំពង់ អំពិល ស្រុក រំដួល ខេត្ត ស្វាយរៀង បានប្រាប់ឱ្យដឹងថា៖ក្នុងមួយថ្ងៃកសិដ្ឋានរបស់លោកអាចផលិតស៊ុតមាន់បានចន្លោះពី៥០០ទៅជិត១០០០គ្រាប់។សម្រាប់ទីផ្សារបោះដុំលោកលក់ក្នុងមួយគ្រាប់៤០០រៀល ដោយក្នុងនេះស៊ុតមាន់ត្រូវបានគេមកទទួលទិញអស់ៗក្នុងនេះភាគច្រើនតាមផ្សារម៉ាត និងទីផ្សារក្នុងខេត្តស្វាយរៀងតែម្តង។
ម្ចាស់កសិដ្ឋានដែលចិញ្ចឹមមាន់យកស៊ុតជាង៣ឆ្នាំមកនេះបានប្រាប់ដែរថា បើគិតពីផលកម្រៃក្នុងការចិញ្ចឹមមាន់យកស៊ុតគឺឃើញថាមានទីផ្សារល្អជាងមុន ហើយប្រាក់ចំណេញទៀតសោតអាចបានក្នុងចន្លោះពី៣០ទៅ៤០ភាគរយ។ទាំងនេះដោយតម្លៃនៅរក្សាបានកម្រិតខ្ពស់ថេរ ហើយអាចលក់ចេញអស់ៗ និងពេលខ្លះរកស៊ុតមាន់លក់ឱ្យគេមិនគ្រប់ថែមទៀត។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា ស្ថានភាពស៊ុតមាន់ ស៊ុតទាមានភាពល្អប្រសើរដោយក្នុងនេះអ្នកចិញ្ចឹមអាចរកផលកម្រៃបានច្រើនជាងមុន។
សម្រាប់តម្លៃស៊ុតរក្សាបានទីផ្សារល្អប្រសើរនេះដែរដោយសារ កន្លងមកមិនមានការនាំចូលស៊ុតពីប្រទេសជិតខាងនោះទេ ដោយសារតែតម្លៃស៊ុតនៅប្រទេសទាំងនោះមានការឡើងថ្លៃខ្ពស់ជាងនៅកម្ពុជាទៅហើយ។
លោកថាហាងឆេងពងទាឡើងចុះទៅតាមខែ ប៉ុន្តែភាគច្រើនគឺស្ថានភាពល្អប្រសើរដែលតម្លៃបោះដុំ ៤០០ រៀល ឬ ៥០០ រៀល ក្នុង១គ្រាប់។ចំណែកការលក់រាយចាប់ពី៤៥០ដល់៦០០រៀលក្នុងមួយគ្រាប់។
កញ្ញា អ៊ឹម រចនាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ប្រាប់នាថ្មីៗនេះថាក្រសួងកសិកម្មកំពុងជំរុញការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋដើម្បីបង្កើនជីវភាពគ្រួសារ។ក្រៅពីនេះក្រសួងកំពុងជួយរកទីផ្សារជូនពួកគាត់ទាំងក្នុងស្រុក និងបរទេស។
កញ្ញាបញ្ជាក់បន្ថែមថាដើម្បីបង្កើនស្តង់ដារគុណភាពផលិតផលលើវិស័យកសិកម្មសម្រាប់ប្រជែងលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស នៅថ្ងៃខាងមុខនេះដែរក្រសួងនឹងរៀបចំស្ដង់ដារសម្រាប់ផលិតផលកសិកម្មផ្សេងៗជាច្រើនទៀត ក្នុងនេះមានដូចជា បន្លែ ផ្លែឈើ និងស្រូវអង្ករជាដើម៕
ដោយ៖ម៉ាដេប៉ូ