មេធាវីថៃម្នាក់ ដែលអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយម រងការកាត់ទោសឱ្យជាប់គុក៤ឆ្នាំពីបទប្រមាថក្សត្រ

ថៃ៖ ចៅ​ក្រម​ថៃ​​និយាយ​ថា​ សកម្មជន​ និង​មេធាវី​ដ៏​ល្បី​ឈ្មោះ​ជុំ​វិញ​​ការ​អំពាវ​នាវ​ដោយ​បើក​ចំហរ​ឱ្យ​មាន​ការ​កែ​ទម្រង់​របប​រាជា​និយម​របស់​ប្រទេស​ថៃ​ រង​ការ​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បួនឆ្នាំ​ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​សកម្មជន​ និង​មេធាវីផ្នែក​សិទ្ធិ​មនុស្ស​​​រូប​នោះ​ឈ្មោះ​​ លោក​ អាណុន ណាំប៉ា(Arnon Nampa) ​អាយុ​ ៣៩​ ឆ្នាំ​។ លោក​​ត្រូវ​បាន​​​គេ​ស្គាល់​ទូទៅ​ចំពោះ​ការ​និយាយ​​ជម្នះ​នឹង​បញ្ហា​រសើប​​​ក្នុង​អំឡុង​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​ ២០២០​ ​​ពេល​ដែល​​លោក​បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​ អំពី​តួនាទី​របស់​ស្តេច​ថៃ​។​ លោក​ Arnon ​បាន​បដិសេធ​​កា​រ​​​ធ្វើ​​ខុស​។​

​លោក​ Arnon ​គឺ​ជា​មេដឹកនាំ​នៃ​ចលនា​ប្រជាធិបតេយ្យ​ដឹ​ក​នាំដោ​យ​យុវជន​ ដែល​បាន​ធ្វើ​កា​រ​តវ៉ា​នៅ​ទីក្រុង​បាងកក​ក្នុង​ឆ្នាំ​ ២០២០​ ​ដែល​បាន​ទាក់​ទាញ​មនុស្ស​រាប់​សែន​នាក់​ឱ្យ​ចូល​រួម​ ហើយ​ថែម​ទាំង​ទាម​ទារ​ឱ្យ​​មាន​ការ​ដក​តំណែង​នាយករដ្ឋ​មន្រ្តី​ចាស់​ លោក​ ប្រាយុទ្ធ​ ចាន់​អូចា​។ ​

លោក​ Arnon ត្រូវ​បាន​​តុលាការ​ថៃ​រក​​ឃើញ​ថា ​មាន​ពិរុទ្ធ​ ចំពោះ​ការ​លើក​ឡើង​អំពី​រាជា​ធិបតេយ្យ​​​ក្នុង​សុន្ទរកថាមួយ​​អំឡុង​​បាតុកម្ម​ឆ្នាំ​ ២០២០​ ​ក្នុង​ករណី​ដំបូង​​​​ចំណោម​​​១៤​ករណី​​ ដែល​ប្រឆាំង​នឹង​​លោក​សម្រាប់​ការ​រំលោភ​លើ​មាត្រា ​១១២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ​ ឬ​ដែល​គេ​ស្គាល់​ថា​ ជា​ច្បាប់​ស្ដី​ពី​ការ​ប្រមាថ​ព្រះ​មហាក្សត្រ​។ ​

បើ​តាម​រ៉យទ័រ​ មេធាវី​របស់​លោក​បាន​ឱ្យ​ដឹង​ថា ក្រុម​ការងារ​ច្បាប់​របស់​លោក​ Arnon កំពុង​ព្យាយាមដើម្បី​ឱ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ ​ដោយ​​​នឹង​ដាក់​បណ្តឹង​ឧទ្ធរណ៍​ផង​ដែរ​។​​​ប្រសិ​ន​បើ​ចាំ​បាច់​ នឹង​នាំ​យក​​សំណុំ​រឿង​នេះ​ ទៅ​តុលាការ​កំពូល​។​

គួរ​​បញ្ជាក់​ថា​ លោក​ Arnon ដែល​​នៅ​ក្រៅ​ឃុំ​តាំង​ពី​ដើម​ឆ្នាំ​មុន​បន្ទា​ប់​ពី​កា​រ​ឃុំ​ខ្លួន​ជា​ច្រើន​ដង​ មិន​ត្រូវ​បាន​នាំ​ទៅ​ពន្ធនាគារ​ភ្លាម​ៗ​ទេ​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​នៅ​តែ​នៅ​តុលាការ​ ដើម្បី​រង់​ចាំ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​។​

​ច្បាប់ស្ដី​ពី​ការ​​​ប្រមាថ​អង្គ​​​​ព្រះ​មហាក្សត្រ​​របស់​​ប្រទេស​​ថៃ​ ​ការពារ​រាជវង្ស​​ពី​​ការ​​រិះ​គន់​ ហើយ​​ផ្តន្ទាទោស​អ្នក​បំពាន​​​ដាក់​​ពន្ធនាគារ​​អតិបរមា​ ១៥ ​ឆ្នាំ​ ​​សម្រាប់​​រាល់​​ការ​​ប្រមាថ​​ព្រះ​មហាក្សត្រ​ ​ទោះ​បី​ជា​រង​ការ​ថ្កោល​ទោស​ ក៏​ដូច​ជា​ការ​រិះ​គន់​ពី​ក្រុម​សិទ្ធិម​នុស្ស​ក៏​ដោយ​។

មនុស្ស​រាប់​រយ​នាក់​​រង​ការ​​ចោទ​ប្រកាន់​ក្រោម​ច្បាប់​នេះ​។យោង​​តា​ម​​ក្រុម​​មេធាវី​​ថៃ​​​ដើម្បី​សិទ្ធិ​​មនុស្ស​ មនុស្ស​យ៉ាង​​ហោច​​ណាស់​ ​​​២៥៧ ​នាក់ ​​រង​ការ​​ចោទ​​ប្រកាន់​​ក្រោម​មាត្រ​​១១២​​ ​ក្នុង​​រយៈ​​ពេល​​បី​​ឆ្នាំ​​កន្លង​​មក​​នេះ​។​

​ភាគ​ច្រើន​នៃ​ករណី​ទាំង​នោះ​ គឺ​ទាក់​ទង​នឹង​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ដឹក​នាំ​ដោយ​ក្រុម​យុវជន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​​ Arnon ថ្លែង​​ក្នុង​សុន្ទរកថា​នៅ​ពេល​​មក​ដល់​តុលាការ​ថា​  ​លោកអាច​នឹង​បាត់​បង​សេរី​ភាព​ ប៉ុន្តែ​​មិន​សោក​ស្តាយ​ចំពោះ​ការ​លះ​បង់​របស់​លោក​ទេ​។

​លោក​​ថ្លែង​​​ថា​​៖​ «​​ការ​​តវ៉ា​​របស់​​យុវជន​ ​បាន​​បង្កើត​​បាតុភូត​​មួយ​​ដែល​​បាន​​ផ្លាស់​​ប្តូរ​​ប្រទេស​​ថៃ​​រហូត​​ដល់​​​ចំណុច​ឆ្ពោះ​ទៅមុខ​រៀង​រហូត​​។​ ខ្ញុំ​ជឿ​ថា ​ប្រជាជន​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​សេរី​ភាព​ និង​សមភាព​របស់​ពួក​គេ​ ហើយ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រទេស​ ឱ្យ​កាន់​តែ​រីក​ចម្រើ​ន​»​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ Lawyer who called for Thai monarchy reforms sentenced to 4 years for royal insults  

ads banner