ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ៖ប្រទេសជប៉ុនគោរព និងកោតសសើរជំហរនយោបាយបរទេសកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ប្រទេសជប៉ុន មិនទាមទារ ឬដាក់សម្ពាធណាមួយឡើយមកលើកម្ពុជា ដើម្បីឱ្យកម្ពុជាចាប់យកភាគីណាមួយនោះទេ។ ប៉ុន្តែ ជប៉ុន តែងតែគោរពនូវជំហរនយោបាយការបរទេសរបស់កម្ពុជាជានិច្ច។
ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងមិនទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ឬក៏ពលរដ្ឋកម្ពុជា ត្រូវតែប្រកាន់ខាងណេះ ប្រកាន់ខាងណោះ ចិន ជប៉ុន ឬក៏អាមេរិកទេ យើងមិនទាមទារ យើងយល់អំពីជំហរការទូតរបស់កម្ពុជា ដែលរក្សានូវអព្យាក្រឹត្យភាព មិនចូលបក្សសម្ព័ន្ធ»។

ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា គោលជំហររបស់កម្ពុជាបែបនេះ គឺបានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ ដូច្នេះរាជរដ្ឋាភិបាលជប៉ុន បានគោរព ព្រមទាំងមានការយល់យ៉ាងច្បាស់អំពីជំហរនយោបាយការទូតរបស់កម្ពុជា។ ការលើកឡើងបែបនេះ របស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ក្នុងឱកាសលោកបានអញ្ជើញធ្វើជាវិគ្មិនក្នុងកិច្ចពិភាក្សាតុមូលស្តីពី ទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ។

បើតាមសម្រង់ប្រសាសន៍បកប្រែរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានថ្លែងថា សម្រាប់អ្វីដែលរដ្ឋាភិបាលស្នើសុំ គឺត្រឹមកម្រិតដែលរដ្ឋាភិបាលកម្ពុជា អាចផ្តល់ឱ្យប្រទេសជប៉ុនបានតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលជប៉ុន បានកោតសសើរ និងជំហររបស់កម្ពុជា ដែលបានគាំទ្រជប៉ុន ដើម្បីមានឱកាសក្លាយជាសមាជិកអចិន្ត្រៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ «ជំហរគោលនយោបាយការទូតកម្ពុជា ក្នុងការរក្សានូវអព្យាក្រឹត្យភាព ការមិនចូលបក្សសម្ព័ន្ធ ជប៉ុន និងកម្ពុជា មានឱកាសធ្វើការរួមគ្នាជាច្រើនថែមទៀត យើងនៅតែបន្តស្វះស្វែងរុករកនូវឱកាសនេះ» ។

ឯកអគ្គរាជទូតជប៉ុន ក៏បានបញ្ជាក់ច្បាស់ៗថា ប្រទេសជប៉ុន មិនមានបំណងដាក់សម្ពាធ ឬចង់ប្រឆាំងជុំវិញទំនាក់ទំនងរវាងកម្ពុជាជាមួយភាគីចិនឡើយ បើទោះបីជាមានគោលជំហរផ្ទុយគ្នាក៏ដោយ។បន្ថែមពីនេះ ឯកឧត្តម បានថ្លែងថា ប្រទេសជប៉ុន នៅតែគោរពទៅលើគោលជំហររបស់កម្ពុជា ក្នុងការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយបណ្ដាប្រទេសនានានៅលើពិភពលោក ហើយប្រទេសជប៉ុន សុំកោតសរសើរ និងថ្លែងអំណរគុណចំពោះការគាំទ្ររបស់កម្ពុជាមកលើជប៉ុន ក្នុងនាមជាមិត្តភាពដ៏យូរអង្វែង រហូតឈានដល់ភាពជាដៃគូគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ ៕


ដោយ ៖ ង៉ាន់ ទិត្យ