មនុស្ស​ជាង​ ១0០ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​​ក្នុង​​ពិធី​មង្គល​ការ​នៅ​អ៊ីរ៉ាក់​

បាកដាក៖ មនុស្ស​​ជាង​ ១០០ នាក់​បាន​ស្លាប់​ និង​ជាង​ ១៥០ នាក់​ផ្សេង​ទៀត​​បាន​រង​របួស​ក្នុង​ហេតុការណ៍​​ភ្លើង​ឆាប​ឆេះ​ក្នុង​ពិធី​មង្គល​ការ​មួយ​ក្នុង​ស្រុក Hamdaniya ក្នុង​ខេត្ត​ Nineveh នៃ​ប្រទេស​អ៊ីរ៉ាក់​ កាល​ពី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ពុធ​ទី ២៧ ខែកញ្ញា ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ ​

អភិបាល​រង​ខេត្ត​ Nineveh ​លោក​ Hasan al-Allaq ​បាន​ប្រាប់​រ៉យទ័រ​ថា​ មនុស្ស​ចំនួន​ ១១៣ ​នាក់​​ត្រូវ​បា​ន​រាយការណ៍​ថា​ បានស្លាប់​ ។ប៉ុន្តែ​ប្រព័​ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ីរ៉ាក់​ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​យ៉ាង​តិច​ណាស់​ ១០០ នាក់​ និង​១៥០ នាក់​ផ្សេង​ទៀត​រង​របួស​។

​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ឆាប​ឆេះ​នោះ​ទេ​ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​បាន​រាយការណ៍​​ថា​ ​សា​ល​ពិធី​មង្គល​ការ​បាន​ឆាប​ឆេះ​​ ក្រោយ​ពេល​គេ​ដុត​កាំជ្រួច​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​​​។ បើ​តាម​ខ្សែ​វិដេអូ​ដែ​ល​ថត​ដោយ​អ្នក​រាយការណ៍​ព័ត៌មាន​រ៉យទ័រ​ គេ​ឃើញ​មាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដុត​ដៃ​​ដុត​ជើង​​ធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​ ហើយ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​​ស្វែង​រក​អ្នក​ដែល​នៅ​រស់​រាន​មាន​ជីវិត​។ ​

​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ីរ៉ាក់​ផ្សាយ​​ថា​ ព័ត៌មាន​បឋម​បាន​បង្ហាញ​ថា​ អគារ​នៃ​សាល​មង្គល​ការ​​ធ្វើ​ពី​សម្ភារៈ​សំណង់​ដែល​ងាយ​ឆេះ​ខ្លាំង​ ហើយ​ធ្វើ​ឱ្យ​អគារ​ឆាប់​បាក់​ស្រុត​ចុះ​ពេល​ឆេះ​។

បើ​តាម​បណ្ដាញ​​ព័ត៌មាន​ BBC មន្រ្តី​សុខាភិបាល​ម្នាក់​បាន​អះ​អាង​ថា​ កូន​កំលោះ​ និង​កូន​ក្រមុំ​ក្នុង​ពិធី​មង្គល​ការ​បាន​ស្លាប់​ទាំង​២​នាក់​។ ចំណែក​ឯ​សាក្សី​នៅ​កន្លែង​កើត​ហេតុ​វិញ​ បាន​និយាយ​ថា​ អគារ​នេះ​​បាន​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​ ១០ នាទី​យប់​ (ម៉ោង​ក្នុង​ស្រុក​) ​ហើយ​មាន​មនុស្ស​រាប់​រយ​នាក់​ បាន​ចូល​រួម​នៅ​ម៉ោង​កើត​ហេតុ​៕

ប្រែសម្រួល៖ហួន ឌីណា ប្រភព​៖ Iraq wedding fire live news: At least 100 people killed in Nineveh province

ads banner