ក្រសួងសុខាភិបាល ណែនាំប្រជាពលរដ្ឋទាំងអស់ការពារ ពីជំងឺភ្នែកក្រហម ទោះបីជំងឺនេះមិនប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ
ភ្នំពេញ៖ បន្ទាប់ពីមានករណីនៃការផ្ទុះករណីជំងឺភ្នែកក្រហមជិត១០០ករណី នៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគីរី កាលពីពេលថ្មីៗកន្លងមកនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ការពារ ពីជំងឺភ្នែកក្រហមនេះ ទោះបីជាជំងឺនេះមិនប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីករណីផ្ទុះជំងឺរលាកភ្នែកនៅក្នុងឆ្នាំ២០២៣ នៅកម្ពុជាចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីជំនាញនៃក្រសួងសុខាភិបាល និងមន្រ្តីសុខាភិបាលក្នុងមូលដ្ឋានបានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ និងអប់រំភ្លាមៗផងដែរ បន្ទាប់ពីទទួលបាននូវការរាយការណ៍ពីបញ្ហានៃការឆ្លងជំងឺភ្នែកក្រហមនេះ។

ក្រសួងសុខាភិបាល បានលើកឡើងថា ករណីភាគច្រើននៃជំងឺភ្នែកក្រហមគឺស្រាល។ ជាធម្មតាការឆ្លងនឹងជាសះស្បើយក្នុងរយៈពេលពី ៧ ទៅ ១៤ថ្ងៃ ដោយមិនតម្រូវឱ្យមានការព្យាបាល និងមិនមានផលវិបាករយៈពេលវែងនោះទេ។
សេចក្តីប្រកាសបញ្ជាក់ថា ៖ «ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះ ការរលាកភ្នែកដោយវីរុសត្រូវការរយៈពេល ២ ទៅ ៣ សប្តាហ៍ ឬច្រើនជាងនេះដើម្បីជាសះស្បើយ។ គ្រូពេទ្យអាចផ្ដល់ថ្នាំ អង់ទីប៊ីយោទិច ដូចជាថ្នាំបន្តក់ភ្នែក ឬថ្នាំដាក់ភ្នែកបាន»។
រោគសញ្ញាជំងឺភ្នែកក្រហម រួមមាន៖ នៅផ្នែកសនៃភ្នែកឡើងពណ៌ផ្កាឈូក ឬពណ៌ក្រហម ហើមត្របកភ្នែក ជាពិសេសនៅពេលព្រឹកមានហូរទឹកភ្នែកច្រើនជាងមុន ដោយសារមានការកើនឡើងនូវការផលិតទឹកភ្នែក រកាំភ្នែកដោយសារមានអារម្មណ៍ថាមានអ្វីនៅក្នុងភ្នែក ឬចង់ញីភ្នែក រមាស់ភ្នែក រលាក និង/ឬក្រហាយភ្នែក មានអាចម៍ភ្នែក និងចុកគ្រាប់ភ្នែកជាដើម។
លោក ងី ម៉េង ឯកទេសចក្ខុរោគ បានធ្វើការណែនាំផងដែរពីវិធីការពារការឆ្លងជំងឺភ្នែកក្រហម ក្នុងនោះត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកក្តៅឧណ្ហៗយ៉ាងហោចណាស់ ២០ វិនាទីមុននិងក្រោយពេលសម្អាតភ្នែក ឬដាក់ថ្នាំភ្នែក។
លោកបានបន្តថា ៖ «ប្រសិនបើមិនមានសាប៊ូ និងទឹកទេ សូមប្រើទឹកលាងដៃដែលមានជាតិអាល់កុល យ៉ាងតិច ៦០ភាគរយ ដើម្បីលាងសម្អាតដៃ។ ចៀសវាងការប្រើប្រាស់របស់របររួមគ្នាដូចជា ភួយ ខ្នើយ កនែ្សង ក្រមា ឬវ៉ែនតាជាដើមដែលមានផ្ទុកវីរុស ឬបាក់តេរី ហើយយកមកប៉ះភ្នែក»។

លោក ងី ម៉េង បានបន្តទៀតថា ត្រូវផ្អាកពាក់កែវភ្នែក (contact lens) រហូតដល់គ្រូពេទ្យភ្នែករបស់អ្នកនិយាយថាមិនអីទេក្នុងការចាប់ផ្តើមពាក់វាម្តងទៀត និងចៀសវាងការប្រើវិធីបុរាណក្នុងការព្យាបាលដោយខ្លួនឯង (លាងទឹកម្លូ ដាក់ទឹកនោម ដាក់ទឹកប្រមាត់ត្រី»។
លោកថា ៖ «ករណីចាំបាច់ត្រូវទៅជួបគ្រូពេទ្យនៅមណ្ឌលសុខភាព ឬកន្លែងផ្ដល់សេវាព្យាលបាលភ្នែកដែលនៅជិតបំផុត ដោយត្រូវចៀសវាងការប៉ះ ឬត្រដុសឬញ៉ីភ្នែក ពីព្រោះធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ឬរាលដាលទៅភ្នែកម្ខាងទៀត»។
ក្រសួងសុខាភិបាលបានបញ្ជាក់ឱ្យដឹងដែរថា ជំងឺភ្នែកក្រហមដោយវីរុសនិងបាក់តេរីឆ្លងលឿនណាស់ រាលដាលយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅមនុស្ស ផ្សេងទៀត។ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺរលាកភ្នែក ឬការចម្លងទៅអ្នកដទៃដោយអនាម័យល្អ។
សូមរម្លឹកថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ប្រកាសរកឃើញជំងឺភ្នែកក្រហមកម្រិតស្រាលចំនួន ៩៣ ករណីនៅក្នុងខេត្តរតនគិរី ខណៈខេត្តព្រំប្រទល់គ្នា ក៏បានធ្វើការអប់ រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួនពីជំងឺនេះផងដែរ៕ ដោយ៖ ជា សុខនី


