ធនាគារពិភពលោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជា

ភ្នំពេញ៖ លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន (Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ បានបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារប្រសើរ។

សូមជម្រាបថា គម្រោង “ជំនាញកម្ពុជាដើម្បីការងារប្រសើរ” គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាមជាក់លាក់សម្រាប់កម្មវិធីបណ្តុះបណ្តាលយុវជន ១.៥លាននាក់ មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារងាយរងគ្រោះ ដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីអាចទទួលបានជំនាញជាក់លាក់យ៉ាងឆាប់រហ័ស ហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេសដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការងារ

ads banner