រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រាប់មន្ត្រីក្រោមបង្គាប់បញ្ចប់វប្បធម៌ «ធ្វើកិច្ចសន្យាហើយដោះលែង» (Video Inside)
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បណ្ឌិត អ៊ាង សុផល្លែត បានប្រាប់មន្ត្រីក្រោមបង្គាប់ត្រូវបញ្ចប់នូវវប្បធម៌ «ធ្វើកិច្ចសន្យាហើយដោះលែង»។
ប្រសាសន៍ដាស់តឿននេះ បានធ្វើឡើងកាលពីថ្ងៃទី២៦កញ្ញា ក្នុងឱកាសជួបប្រជុំណែនាំដល់មន្ត្រីរាជការ នៃក្រសួងបរិស្ថានទាំងអស់ ដែលកន្លងមកបានអនុវត្តនូវវប្បធម៌ចាប់អ្នកប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិហើយ តម្រូវឱ្យធ្វើកិច្ចសន្យា និងដោះលែងឱ្យរួចខ្លួន។
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានព្រមានថា គេត្រូវតែបញ្ចប់នូវវប្បធម៌នោះចោលចេញ។ លោកបានបញ្ជាក់ប្រាប់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្នុងកិច្ចប្រជុំថ្ងៃអង្គារនៅទីស្តីការក្រសួងបរិស្ថានថា «គ្រប់ករណីប្រព្រឹត្តបទល្មើសទាំងឡាយ ឱ្យតែចាប់បាន គឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយដោះលែងនោះទេ។ គឺត្រូវតែកសាងសំណុំរឿង និងដាក់បន្តទៅតុលាជាដាច់ខាត»។
លោកបានបញ្ជាក់ថា «ប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងផ្តល់សិទ្ធិឱ្យឯកឧត្តមរដ្ឋមន្រ្តីជាអ្នកសម្រេច»។