ស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ រងការលិចដោយជំនន់ទឹកភ្លៀង (Video Inside)

យ៉ាងហោចស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ បានរងនឹងការជន់លិចដោយសារជំនន់ទឹកភ្លៀង។ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានណែនាំដល់ស្រុកទាំង៤ រួមមានស្រុកស្ទោង, ស្រុកប្រាសាទសំបូរ, ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ខណៈទឹកនៅតែបន្តជន់លិចដោយសារតែស្ថានភាពធាតុអាកាសមិនល្អបង្កការធ្លាក់ភ្លៀង។

លោកអភិបាលខេត្តបានអំពាវនាវឲ្យប្រុងប្រយ័ត្នពីសុវត្ថិភាព ពិសេសកូនក្មេងៗតូចនៅរដូវវស្សា ដែលការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលបានចុះពិនិត្យស្ថានភាពទឹកជំនន់ ក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ។

នៅក្នុងឃុំឈូក នៃស្រុកប្រាសាទសំបូរនោះ កាលពីថ្ងៃទី២៣ កញ្ញា មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ត្រូវបានទឹកហូរគួចបណ្តាលឱ្យលង់ស្លាប់។

លោកអភិបាលខេត្តបានដាស់តឿនការយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួន និងក្មេងៗ ឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក, ការឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាទិច ឬខាំ។

យោងតាមរបាយការណ៍គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ គ្រួសារប៉ះពាល់ មានចំនួន ២៩ឃុំ ស្មើ ១៥៣ភូមិ និង៥ពាន់ ២៨៣គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ២ម៉ឺន ១ពាន់ ៣២៣នាក់។

សេចក្តីរាយការណ៍បញ្ជាក់ថាមានមនុស្សស្លាប់២នាក់, ត្រូវបានជម្លៀស ២០៩គ្រួសារ, ប៉ះពាល់ផ្ទះសម្បែង ២ពាន់ ២២៥ផ្ទះ, ផ្អាកដំណើរការសាលារៀនចំនួន ១៨សាលា, លិចវត្តអារាមចំនួន ០៦កន្លែង, លិចដំណាំរួមផ្សំចំនួន ១៨៧ហិកតា និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ៕

ads banner