ខេត្តចំនួនបួន របស់កម្ពុជា កំពុងទទួលរងនូវជំនន់ទឺកភ្លៀង
ភ្នំពេញ៖ អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ឱ្យដឹងថា ខេត្តមួយចំនួនកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ដែលភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប៉ុន្តែមិនមានផលប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋឡើយ។
លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់កាលពីថ្ងៃទី២៧ ខែកញ្ញា ថា ភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ បានបង្កឱ្យខេត្តមួយចំនួន រួមមាន៖ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទទួលរងនូវការជនលិច និងធ្វើឱ្យប៉ះពាល់ដល់ ២៣ ក្រុង/ស្រុក និង៧៧ ឃុំ/សង្កាត់។

លោកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ប្រមាណជាង ៨ ៤៧៣ គ្រួសារ ក្នុងនោះអាជ្ញាធរបានជម្លៀសពលរដ្ឋ ៣១៤ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព និងបានបង្កការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ២ ៦៥៥ ខ្នង និងស្រូវ ៥ ០៤៤ ហិកតា។
លោកបញ្ជាក់ថា ៖ «ឆ្លើយតបទៅនឹង បញ្ហានេះ ឯកឧត្តម គន់ គីម ប្រធានគណៈកម្មការជាតិគ្រប់គ្រង គ្រោះមហន្តរាយបានចុះទៅពិនិត្យដោយផ្ទាល់នៅក្នុងខេត្តកំពង់ធំ និងបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ក្នុងការជួយអន្តេរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និងឆ្លើយតបឱ្យបានទាន់ពេលវេលាល ជាពិសេសត្រូវផ្តោតសំខាន់លើអាយុវជីវិតរបស់ពលរដ្ឋដោយសារទឹកជំនន់នេះ»។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងនៅក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកប្រាសាទសំបូរ ដែលមានការជន់លិចខ្លាំងនៅតំបន់មួយចំនួន នៅថ្ងៃទី២៧ ខែកញ្ញា ថា នៅចំពោះមុខនេះ ស្ថានភាពទឹកជំនន់ បានជន់ខ្លាំងនៅស្រុកចំនួន ៤ រួមមាន៖ ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍។

លោកបានបន្តថា ជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យមានផលប៉ះពាល់ដំណាំស្រូវ ជីវភាពរស់នៅ និងការប្រកមុខរបររបស់ប្រជាពលរដ្ឋ ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវលិច និងខូចខាត សាលារៀនមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយរកមធ្យោបាយឱ្យគ្រូបង្រៀនតាមបណ្តុំ នៅតាមខ្នងផ្ទះ រហូតដល់ទឹកត្រូវបានស្រកទៅវិញ។
ឯកឧត្តម ងួន រតនៈ ប្រាប់ថា ៖ «យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់លិចផ្ទះសម្បែង ពួកគាត់បានទៅបោះទីតាំងនៅទីទួលមានសុវត្ថិភាព ឬចំការរបស់ពួកគាត់ ដើម្បីជៀងផុតពីគ្រោះថ្នាក់ជាយថាហេតុ»។
លោកបន្តថា ៖ «ក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានខ្ពស់ រក្សាអនាម័យជាប់ជានិច្ច ទោះបីបងប្អូនធ្លាប់រស់នៅជាមួយទឹកជំនន់នេះ រាប់ឆ្នាំកន្លងមកហើយក៏ដោយ និងសូមតាមដាននូវព័ត៌មានរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលេខ ១២៩៤ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពទឹកជំនន់នេះ បានទាន់ពេលវេលា»។
ចំណែក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា បានសរសេរថា គិតត្រឹមម៉ោង៩ និង៣០នាទី កម្ពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣ និង១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា។ ដូច្នេះ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តសូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន»។

ជុំវិញបញ្ហានេះដែរ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃដដែលក៏បានបញ្ជាក់ដែរថា កម្រិតជំនន់ទឹកភ្លៀងបានកើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានប្រវែងជាង ១២០ម៉ែត្រ ស្ថានភាពបែបនេះមិនអាច អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
សេចក្តីជូនដំណឹងនេះ បន្ថែមថា ៖ «ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពានកុំឱ្យមានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះអាសន្នចំពោះយានយន្តគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា តទៅ រហូត ដល់មានការជូនដំណឹងជាថ្មី»។
រីឯគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ក៏បានចេញសេចក្តីជូនដំណឹងផងដែរថា ដោយលើកឡើងថាស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត ធ្វើឱ្យរំហូរ ទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ មានកម្ពស់កើនឡើង ដោយនៅថ្ងៃទី២៦ ខែកញ្ញា ទឹកមានកម្ពស់ ១៤៨,១៧ ម៉ែត្រ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បញ្ជាក់ថា នៅពេលកម្រិតទឹកក្នុងអាងស្តុកទឹក នៃទំនប់វារីអគ្គិសនីកំចាយកើនឡើងដល់កម្ពស់ ១៤៩.០០ ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកដោយសន្សឹមៗ ទៅតាមស្ថានភាពទឹកភ្លៀងជាក់ស្តែង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គុត ឧសភា នាយករដ្ឋបាលខេត្តកំពតបានប្រាប់នៅថ្ងៃទី២៧ ខែកញ្ញា ថា គិតត្រឹមថ្ងៃទី ២៧ ភ្លៀងនៅតែបន្តធ្លាក់ បានធ្វើឱ្យអាងវារីអគ្គិសនីពេញ និងស្ថិតនៅក្នុងដល់កម្រិតមួយ ត្រូវបង្ហូរសន្សឹមៗដោយមិនអាចទុកឱ្យលើសកម្រិត ទើបបង្ហូរចេញនោះទេ ព្រោះវាអាចនឹងធ្វើ ឱ្យប៉ះពាល់ និងលិចលង់ដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា ៖ «ទឹកពេញ គឺកម្ពស់១៥០ ម៉ែត្រដែលត្រូវបង្ហូរ តែយើងមិនទុកវាដល់កំណត់នេះទេ ឱ្យតែត្រឹម ១៤៩ ម៉ែត្រ យើងបង្ហូរហើយ ហើយគិតមកទល់ពេលនេះ ក៏មិនមានប្រជាពលរដ្ឋណាម្នាក់នៅក្នុងខេត្ត ទទួលរងគ្រោះដោយសារតែទឹកភ្លៀងនោះដែរ»៕ ដោយ៖ គឹម យុត្ថារ៉ូ