ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃផ្តើមទស្សនកិច្ចនៅកម្ពុជា និងជួបថ្នាក់ដឹកនាំកំពូលៗ
ភ្នំពេញ៖ ដូចកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាឯកឧត្តម សេដ្ឋា ថាវីស៊ីន បានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញ ជួបសម្តែងការគួរសមចំពោះសម្តេចវិបុលភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងកម្មវិធីផ្សេងៗមួយចំនួនទៀត ដូចជា កម្មវិធីជប់លៀងផ្លូវការដែលរៀបចំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីជាដើម។
ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនេះនឹងជំរុញនូវការពង្រឹងទំនាក់ទំនង ដែលមានស្រាប់និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់ល្អប្រសើឡើងលើគ្រប់វិស័យ និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ


