សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើនាយករដ្ឋមន្រ្ដីថៃ ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង

ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រថៃ ជួយជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទំាងពីរឱ្យកាន់តែសកម្មទ្វេឡើង នៅក្នុងនោះ រដ្ឋសភាកម្ពុជាស្នើដល់រដ្ឋសភាប្រទេសថៃ ដែលមានបទពិសោធន៍បច្ចេកវិទ្យាឌីជីថល ជួយគំាទ្រដល់រដ្ឋសភាកម្ពុជាក្នុងកំណែទម្រង់ដើម្បីឱ្យក្លាយទៅជាសភាឌីជីថលនាពេលខាងមុខ។ ការស្នើនេះ នៅក្នុងឱកាសដែលនាយករដ្ឋមន្ត្រីថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្នើដល់ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដូចជាខាងវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងកសិកម្មជាដើម។ ក្នុងនាមតំណាងរាស្រ្ត និងក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាលប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល និងផ្តល់លក្ខខណ្ឌការងារល្អ ក៏ដូចជាបានការពារសិទ្ធិពលករ និងពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនិងស្នាក់នៅក្នុងប្រទេសថៃ។

សម្តេចរដ្ឋសភាធិបតី ថែមទាំងបានអបអរសាទរចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានសភាប្រទេសថៃ បោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងមកនេះ។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ ក្នុងការបន្ដពូនជ្រំនូវកម្លាំងនៃសាមគ្គីភាព មិត្ដភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នា ដែលមានជាយូរលង់ណាស់មកហើយឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត ស្របតាមស្មារតីនៃ “ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព”។

ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជម្រាប សម្តេចរដ្ឋសភាធិបតី ថា កម្ពុជាជាប្រទេសទី១ ដែលឯកឧត្តម បានជ្រើសរើសមកបំពេញទស្សនកិច្ច បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តម មានក្តីរំភើប និងរីករាយជាខ្លាំង ដែលសមភាគីកម្ពុជាបានរៀបចំពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុត ទំាងនៅខាងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានសម្តែងក្តីមោទកភាពជាមួយសម្តេចរដ្ឋសភាធិបតី ក្នុងនាមជាស្រ្តីដំបូងរបស់កម្ពុជាដែលទទួលតួនាទីជាអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ដែលនេះជាគំរូមួយសម្រាប់ប្រទេសថៃត្រូវរៀនសូត្រពីកម្ពុជា។ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជម្រាបជូន សម្តេចរដ្ឋសភាធិបតី ពីលទ្ធផលសំខាន់ៗមួយចំនួនដែល ឯកឧត្តម បានពិភាក្សានិងឯកភាពជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យមានការរីកចម្រើនថែមទៀត ទំាងផ្នែកសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជាពិសេស ការកសាងបន្ទាត់ព្រំដែនជាព្រំដែនសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអបអរនូវលទ្ធផលនៃជំនួបរវាង ឯកឧត្ដមនាយករដ្ឋមន្រ្ដី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកមិញនេះថា ជាជំនួបដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងសងខាង។ រដ្ឋសភាកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕
ដោយ៖ពលជ័យ
រូបភាព៖រដ្ឋសភា

ads banner