រដ្ឋមន្រ្តីការងារ កំណត់ឱ្យស្ថាប័នទាំងរដ្ឋ និងឯកជន អាចឈប់សម្រាកថ្ងៃបុណ្យ ២២ថ្ងៃ នាឆ្នាំ២០២៤
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានចេញប្រកាសដោយសម្រេចឱ្យស្ថាប័នទាំងរដ្ឋ និងឯកជន អាចឈប់សម្រាកនៅថ្ងៃបុណ្យជាតិចំនួន២២ថ្ងៃសម្រាប់ឆ្នាំ២០២៤ ។នេះបើយោងតាមប្រកាសស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ ដែលផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ជារួមចំពោះការឈប់បុណ្យ ដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤ ក្រសួបានអនុញ្ញាតឱ្យកម្មករ និយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ បានឈប់សម្រាកពីការងារ ដោយមានប្រាក់ឈ្នួល តាមប្រតិទិននាឆ្នាំ២០២៤ ខាងមុខនេះ មានចំនួន២២ថ្ងៃ។
លោកបានបន្តថា ៖ «ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យនីមួយៗ ដោយផ្លាស់ប្ដូរគ្នា»។
លោកបានបញ្ជាក់ទៀតថា នៅក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង របស់សហគ្រាស គ្រឹះស្ថាន ឬអនុសញ្ញារួម ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសនេះ។
ជាងនេះទៀត ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក់នៅថ្ងៃបុណ្យនីមួយៗ ហើយរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
លើសពីនេះ នៅក្នុងអំឡុងពេលនៃការឈប់សម្រាកដោយផ្លាស់ប្ដូរគ្នានេះ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានអាចប្រើប្រាស់ កម្មករនិយោជិតផ្សេងជាបណ្ដោះអាសន្នមកជំនួសកម្មករនិយោជិតដែលបានឈប់សម្រាក។ នេះបើតាមការឱ្យដឹងបន្ថែមពី លោក ហេង សួរ។
ជុំវិញរឿងនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហព័ន្ធសហជីពជាតិ នៅថ្ងៃទី២ ខែតុលា ដោយបានបង្ហាញការសោកស្តាយដែលក្រសួងបានកំណត់ឱ្យកម្មករមិនត្រូវបានលើកថ្ងៃឈប់ ប្រសិនបើថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃសៅរ៍ និងអាទិត្យ ដែលជាទង្វើមួយអយុត្តិធម៌សម្រាប់កម្មករ និយោជិក។
លោក ហ្វា សាលី បានបន្តថា ៖ «យើងដឹងហើយថា ប្រាក់ឈ្នួលសម្រាប់បងប្អូនកម្មករ និយោជិត នៅទាប មិនស្មើនឹងប្រាក់ខែមន្រ្តីរាជការទេ ដូច្នេះមិនគួរឱ្យពួកគាត់ឈប់សម្រាកបុណ្យជាតិចំថ្ងៃសៅរ៍ អាទិត្យដូចមន្រ្តីរាជការទេ ព្រោះវាជារឿងដែលមិនអាចទទួលយកបាន។ ហេតុនេះខ្ញុំសូមឱ្យសម្តេចនាយរដ្ឋមន្រ្តីហ៊ុន ម៉ាណែត ពិនិត្យនឹងពិចារណាសម្រាប់ការឈប់របស់ពួកគាត់ឡើងវិញ»។
សូមរម្លឹកដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ បានកំណត់ការឈប់សម្រាកថ្ងៃបុណ្យ ដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៣ មានចំនួន ២១ថ្ងៃ៕ ដោយ៖ បូរ ពេជ្រហ្សាលីន
