ឡាវវិនិយោគ ៥.៥លានដុល្លារទៅលើប្រព័ន្ធដឹកជញ្ជូន ដើម្បីសម្រួលចរាចរណ៍ក្នុងរដ្ឋធានីវៀងចន្ទន៍
វៀងចន្ទន៍៖ រដ្ឋាភិបាលឡាវកំពុងបោះជំហានយ៉ាងសំខាន់មួយទៀត ឆ្ពោះទៅរកការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងទីក្រុង និងការកែលម្អមធ្យោបាយធ្វើដំណើរសាធារណៈនៅក្នុងរដ្ឋធានីវៀងចន្ទន៍។
អភិបាលក្រុងវៀងចន្ទន៍ លោក អាតសាផាន់ថង ស៊ីផាន់ដន បានដាក់ចេញនូវវិធានការមួយ ដែលនឹងផ្លាស់ប្តូរផ្លូវមួយខ្សែទៅជាផ្លូវពីរ (មានផ្លូវទៅមក) ដើម្បីកាត់បន្ថយការកកស្ទះក្នុងរដ្ឋធានីវៀងចន្ទន៍។
ជុំវិញបញ្ហាកកស្ទះចរាចរណ៍នេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងប្រទេសឡាវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយអ្នកផ្តល់សេវាគ្រប់គ្រងចរាចរណ៍របស់ចិន មានឈ្មោះ Qingdao Hisense Transtech Company នៅថ្ងៃទី២៩ ខែកញ្ញា ស្តីពីការច្នៃប្រឌិតការដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេសឡាវ។
គោលបំណងចម្បងនៃកិច្ចព្រមព្រៀងថ្មីនេះ គឺដើម្បីអនុវត្តប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ជាកម្មវិធីកម្រិតខ្ពស់ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់សេវាកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងវិស័យដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងចរាចរណ៍។ កិច្ចសន្យានេះ ត្រូវបានគេប៉ាន់ប្រមាណថា មានតម្លៃជាង ៥.៥លានដុល្លារ ហើយអាចកើតឡើងទៅបាន តាមរយៈប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ប្រភព៖ Laotian Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

