មីយ៉ាន់ម៉ាមានចំនួនប្រជាជនសរុបប្រមាណ ៥៦.២លាននាក់ ក្នុងនោះស្រ្តីជាង ២៩លាននាក់
ណៃពិដោ៖ ក្រសួងព័ត៌មានមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែតុលា បានឱ្យដឹងថា យោងតាមទិន្នន័យដែលបានប្រមូលដោយផ្អែកលើជំរឿនប្រជាជន និងគ្រួសារឆ្នាំ២០១៤ បានបង្ហាញថា ប្រទេសមីយ៉ាន់ម៉ាមានប្រជាជនប្រមាណ ៥៦.២លាននាក់ ក្នុងនោះបុរស ២៦លាននាក់ និងស្ត្រីជាង ២៩លាននាក់។
ជារៀងរាល់ឆ្នាំ ក្រសួងអន្តោប្រវេសន៍ និងប្រជាជនមីយ៉ាន់ម៉ាបានចេញជំរឿនប្រជាជនប៉ាន់ស្មានប្រចាំឆ្នាំ ដើម្បីប្រើប្រាស់ជាឯកសារយោង ក្នុងការអនុម័តគោលនយោបាយ និងគម្រោងរបស់រដ្ឋដោយរដ្ឋាភិបាល និងអង្គភាពតាមនាយកដ្ឋាន។ បញ្ជីជំរឿនត្រូវបានធ្វើឡើងដោយផ្អែកលើជំរឿនប្រជាជន និងគ្រួសារឆ្នាំ២០១៤។
ចំនួនប្រជាជនប៉ាន់ស្មានរបស់ប្រទេសមីយ៉ាន់ម៉ា គឺ ៥៦.២លាននាក់ គិតត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដែលជាឆ្នាំពាក់កណ្តាលនៃឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន ២០២៣-២០២៤។ ទន្ទឹមគ្នា ក្រុមអ្នករិះគន់បាននិយាយថា របបយោធានឹងប្រើប្រាស់ជំរឿននេះ ដើម្បីបង្កើនការឃ្លាំមើលអ្នកប្រឆាំងរដ្ឋប្រហារ រួមទាំងមន្ត្រីរាជការ វេជ្ជបណ្ឌិត និងគ្រូបង្រៀនរាប់ពាន់នាក់ដែលមិនបានចូលធ្វើការវិញបន្ទាប់ពីការតវ៉ា។
សូមបញ្ជាក់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ នៅតែបែកបាក់គ្នាយ៉ាងខ្លាំងដោយសារជម្លោះ ខណៈជនស៊ីវិលបានប្រឈមមុខនឹងការបំផ្ទុះគ្រាប់បែក និងការប្រយុទ្ធគ្នាជារៀងរាល់ថ្ងៃ។ យោធាមីយ៉ាន់ម៉ាក៏បានទទួលស្គាល់ដែរថា ខ្លួនមិនបានគ្រប់គ្រងតំបន់មួយចំនួនទាំងស្រុងទេ។ គិតមកទល់ពេលនេះ មានមនុស្សជាង ១.៦លាននាក់បានផ្លាស់ទីលំនៅដោយសារតែអំពើហិង្សា ដែលបានវាយលុកប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ នេះបើយោងតាមអង្គការសហប្រជាជាតិ៕ ប្រភព៖ The Star និង CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

