ជប៉ុនប្រគល់អគារដែលតម្លៃជិត ២០លានដុល្លា ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប
សៀមរាប៖ អគារមួយខ្នងកម្ពស់៤ជាន់ ដែលមានតម្លៃសាងសង់ជិត ២០លានដុល្លា ត្រូវបានរាជរដ្ឋាភិបាលជប៉ុន ធ្វើការប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីអគារដ៏ធំនេះបានសាងសង់ និងបំពាក់បរិក្ខាបានរួច រាល់។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោក សាតូ រីយូតា លេខាទី២ នៃការិយាល័យកុងស៊ុលជប៉ុន ។
លោក សាតូ រីយូតា បានថ្លែងថា បច្ចុប្បន្នវិស័យសុខាភិបាលនៅកម្ពុជា មានភាពប្រសើរឡើងជាបណ្តើរៗ ប៉ុន្តែនៅតាមតំបន់ជនបទ ក៏ដូចជាខេត្តសៀមរាប នៅតែមានបញ្ហាច្រើនទាក់ទងទៅនឹងអគារ បរិក្ខាពេទ្យ និងធនធានមនុស្ស នេះបើធៀបទៅនឹងរាជធានីភ្នំពេញ។ លោកបន្តថា ចំពោះអគារថ្មីនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបមួយនេះ ត្រូវបានដាក់បញ្ចូលរួមគ្នានូវមុខងារវេជ្ជសាស្ត្រ ដែលកាលពីមុនត្រូវបានដាក់ពង្រាយនៅតាមអគារផ្សេងពីគ្នា។ ជាមួយគ្នានេះបន្ទប់ព្យាបាលត្រូវបានរៀបចំដោយបានពិចារណាលើផ្នែកវេជ្ជសាស្ត្រ ដែលអាច ផ្តល់ឲ្យអ្នកជំងឺនូវការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព។
លោក ពិន ប្រាកដ ក៏បានលើកឡើងថា អគារមន្ទីរពេទ្យថ្មីមួយនេះ នឹងធ្វើឲ្យប្រសើរឡើងនូវសេវាសុខាភិបាល ហើយក៏ជាសកម្មភាពចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ ការធ្វើទំនើបកម្មសុខាភិបាល ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវា ជូនប្រជាជនមួយកម្រិតទៀត។ លោកថា សមិទ្ធផលថ្មីនេះ ក៏ជាចំណងមិត្តភាពសាមគ្គីភាពរវាងកម្ពុជា និងជប៉ុនផងដែរ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា នាពេលអនាគត អគារនេះនឹងប្រើប្រាស់ សម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង ការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាប្រពោធនកម្មវះកាត់សម្រាប់អ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរ ដូចជាការវះកាត់ធំៗគ្រប់ឯកទេសទាំងអស់ និងជាកន្លែងសម្រាកព្យាបាលជំងឺទាំងអស់ដែលពាក់ព័ន្ធនឹងការវះកាត់ ព្រមទាំងការរួមបញ្ចូលសេវាគាំទ្រមួយចំនួនទៀតដូចជា៖ សេវារូបភាពវេជ្ជសាស្រ្ត, កន្លែងបោកគក់, មណ្ឌលរំងាប់មេរោគលើឧបករណ៍, និងឧបករណ៍ បរិក្ខាពេទ្យ ដែលប្រើប្រាស់ក្រោយពេលវះកាត់ និងផ្នែកពាក់ព័ន្ធផ្សេងទៀត។
ការទទួលបានហេដ្ឋារចនាសម្ព័ន្ធថ្មី និងឧបករណ៍វេជ្ជសាស្រ្តទំនើបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាបក៏ត្រូវធ្វើការដោះស្រាយបញ្ហាកង្វះធនធានមនុស្ស ដែលមានជំនាញសម្រាប់ធានាឱ្យមានការផ្តល់សេវាឱ្យបានរលូន កាន់តែមានគុណភាពនិងប្រសិទ្ធិភាព ធានាធ្វើយ៉ាងណាឱ្យកិច្ចការគ្រប់គ្រងទូទៅឱ្យមានភាពកាន់តែប្រសើរឡើង រួមបញ្ចូលទាំងកិច្ចការថែទាំជួសជុលរាល់ឧបករណ៍ដែលបានបំពាក់ និងហេដ្ឋារចនាសម្ព័ន្ធទាំងមូលផងដែរ៕ ដោយ ស៊ាន សុផាត





