ក្រសួងព័ត៌មានកម្ពុជាទទួលបានពានរង្វាន់កោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស
ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (AIBD) កាលពីល្ងាចថ្ងៃទី ០២ ខែឆ្នាំតុលា ឆ្នាំ២០២៣នេះ បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ (AIBD Appreciation Award) ដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាលើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងឱកាសនៃការប្រារព្ធពិធីបើកនៃមហាសន្និបាតលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ខ្លួនដែលបាននិងកំពុងប្រារព្វធ្វើឡើងនៅក្នុងប្រទេសម៉ូរីហ្សឹស (Mauritius) ចាប់ពីថ្ងៃទី ០២ ដល់ ០៤ ខែ ឆ្នាំតុលា ឆ្នាំ២០២៣នេះ ។
ការប្រគល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award នេះ ត្រូវបានប្រគល់ជូនដល់ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានអញ្ជើញទៅចូលរួម និងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិ (Executive Board) នៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍ អាស៊ី-ប៉ាស៊ីហ្វិកដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ។
លោកស្រី ហ្វីឡូណេម៉ា ង៉ាណាប្រាហ្គាសាម (Philonema Gnanapragasam) នាយកប្រតិបត្តិនៃវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយ សោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិកដែលមានប្រទេសចំនួន ២៦ នៅអាស៊ី-ប៉ាស៊ីហ្វិកជាសមាជិក បានមានប្រសាសន៍ថា វិទ្យាស្ថាន សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាដែលបាននិងកំពុងជួយដល់វិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក លើការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសគឺនៅក្នុងអំឡុងពេលដ៏លំបាកបំផុតនៅពេលដែលពិភពលោកកំពុងរងនូវជំងឺកូវីដ ១៩។
លោកស្រីបានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងបន្តរជួយជ្រោមជ្រែងដល់វិទ្យាស្ថាន ជាបន្តទៅទៀត ក្នុងការជួយដល់ប្រទេសសមាជិកទាំងអស់ក្នុងការអភិវឌ្ឍវិស័យផ្សាយសោតទស្សន៍ ក៏ដូចជាប្រព័ន្ធផ្សាយផ្សាយទាំងមូល ជាពិសេសនៅពេលដែលពិភពលោក កំពុងវិវឌ្ឍទៅរកបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយ ។
AIBD បានប្រកាសផ្តល់ពានរង្វាន់ កោតសរសើរ AIBD Appreciation Award ជូនដល់តែប្រទេសចំនួនពីរប៉ុណ្ណោះក្នុងចំណោច ២៦ ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា និងប្រទេសឥណ្ឌា ៕
ដោយ ង៉ាន់ ទិត្យ

