នារីរងគ្រោះ ៧នាក់ចាញ់បោកជនខិលខូចនាំទៅធ្វើការនៅប្រទេសឡាវ ត្រូវបានអគ្គកុងស៊ុលកម្ពុជាអន្តរាគមន៍បញ្ជូនមកកម្ពុជាវិញហើយ

(ខេត្តស្ទឹងត្រែង)៖ នារីជនជាតិខ្មែរចំនួន ៦នាក់ ដែលបានចាញ់បោកជនខិលខូចឲ្យទៅបម្រើការងារនៅ ប្រទេសឡាវ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសឡាវ ធ្វើ
អន្តរាគមន៍បញ្ជូនមកប្រទេសកម្ពុជាកាលពីរសៀលថ្ងៃ
ទី០៧ ខែតុលា ឆ្នាំ២០២៣ ។

លោក គី មុន្នីរ័ត្ន អគ្គកុងស៊ុល បានឲ្យដឹងថា៖ នារីរងគ្រោះទាំង ៦នាក់នេះ មកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តព្រះសីហនុ ១នាក់ ខេត្តកំពត ២នាក់ ខេត្តកំពង់ស្ពឺ ២នាក់ និងរាជធានីភ្នំពេញ ១នាក់ ។ ត្រូវបានស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវៀងច័ន្ទ សហការជាមួយប៉ូលិសឡាវ ជួយសង្រ្គោះពីខេត្តបរកែវ តំបន់ត្រីកោណ
កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០
ខែកញ្ញា ឆ្នាំ២០២៣ ។

បើតាមការរៀបរាប់ឲ្យដឹងពីនារីរងគ្រោះម្នាក់ក្នុងចំណោម ៦នាក់ថា៖ ពួកគេបានចាញ់បោកមេខ្យល់យកទៅធ្វើការនៅប្រទេសឡាវ តំបន់ត្រីកោណ តាំងពីខែសីហា ឆ្នាំ២០២៣ ។ ដំបូងគឺធ្វើការនៅផ្នែក KTV បម្រើសេវ៉ា ២៤ម៉ោង បាន ៣ថ្ងៃ ថៅកែនៅទីនោះឲ្យធ្វើជាស្រ្តីបម្រើផ្លូវភេទ ២៤ម៉ោងលើ ២៤ម៉ោងវិញ ដោយបានទទួលទង្វើបែបនេះ ទើបពួកគេបានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ ។

គួរបញ្ជាក់ថា ៖ ស្ត្រីរងគ្រោះចាញ់បោកជនខិលខូចនាំ
យកទៅបម្រើការនៅប្រទេសឡាវ (ផ្នែកKTV បម្រើសេវ៉ា២៤ម៉ោង) ទាំងអស់មាន ៧នាក់ ក្នុងនោះដោយម្នាក់មានជម្ងឺត្រូវសម្រាកព្យាបាលក្នុងប្រទេសឡាវ រង់ចាំពេលជាសះស្បើយពីជម្ងឺ នឹងត្រូវបញ្ជូនមកតាមក្រោយ រីឯនារីរងគ្រោះ ៦នាក់ទៀត ពេលនេះត្រូវបានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងប៉ាកសេ ខេត្តចំប៉ាសាក់ ប្រទេសឡាវប្រគល់ជូនរដ្ឋបាលខេត្តស្ទឹងត្រែង
នៅច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងគ្រៀល ជូនអង្គការ ការីតាស កម្ពុជា (Caritas Cambodia) ដែលមានទី
ស្នាក់ការនៅខេត្តកណ្តាល តាមរយៈ អគ្គនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុវជន យុវនិតិសប្បទា ដើម្បីទទួលយកទៅស្នាក់នៅបណ្តោះអាសន្ន មើលថែទាំ និងព្យាបាលជម្ងឺផ្សេងៗ ៕

ads banner