ឯកឧត្តម សុខ សូកេន ជំរុញឱ្យសហគមន៍ទេសចរ អភិវឌ្ឍឲ្យក្លាយទៅជាគោលដៅមួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប

(ខេត្តសៀមរាប)៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក សមាគមកាណូតដឹកទេសចរចុងឃ្នៀស និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ។

ដំណើរទស្សនកិច្ចនេះ បន្តជួយរៀបចំតំបន់ទាំងនេះ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្តឱ្យមានការវិនិយោគខ្នាតតូច មធ្យម និងធំនានា ឱ្យបង្កើនការចូលរួមពីប្រជាជនមូលដ្ឋាន ផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន គោរពតាមគោលការណ៍ចីរភាព និងការទទួលខុសត្រូវ ស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេស លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បន្តជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍នេះឲ្យបានច្រើនបន្ថែមទៀត។

សមាជិកសហគមន៍ បានសម្តែងនូវការរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលមានគំនិតផ្តួចផ្តើមនានាក្នុងការជំរុញការអភិវឌ្ឍន៍ និងអភិរក្សសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner