រដ្ឋមន្ត្រីប្រតិភូ ផ្ដាំផ្ញើដល់យោធាសឹករងខេត្តកំពង់ធំ រួមគ្នាថែរក្សាសុខសន្តិភាព និងបន្តដោះស្រាយរាល់ការលំបាករបស់កងទ័ព អតីតយុទ្ធជន និងពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត

(កំពង់ធំ)៖ ក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ១គ្រឿង ព្រមទាំងគ្រឿងឧបភោគបរិភោគ សម្រាប់សកម្មភាពមនុស្សធម៌ ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នារសៀលថ្ងៃទី៦ ខែតុលា ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមនឹងកងកម្លាំងសឹករងខេត្តកំពង់ធំ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងបន្តដោះស្រាយរាល់ការលំបាករបស់កងទ័ព អតីតយុទ្ធជន និងពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត ។

ជាមួយនោះដែរ ត្រូវយកចិត្តទុកដាក់ថែរក្សារថយន្តគិលានសង្គ្រោះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដឹកជញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យដោយឥតគិតថ្លៃ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានឧបត្ថម្ភថវិកា គ្រឿងសម្ភារៈយោធោ សម្រាប់ប្រើប្រាស់ក្នុងវិស័យកងទ័ពជាច្រើនមានដូចជា ៖ រថយន្ត ទោចក្រយានយន្ត វិទ្យុទាក់ទង ព្រមទាំងស្បៀងអាហារ គ្រឿងឧបភោគបរិភោគជាច្រើនតោន សម្រាប់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាជន អតីតយុទ្ធជន និងគ្រួសារកងទ័ព ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ផងដែរ ៕

ដោយ ប៊ុន រដ្ឋា

ads banner