ចិន អំពាវនាវឱ្យបណ្ដាប្រទេសជុំវិញតំបន់ទីបេ គោរព បូរណភាព ទឹកដី
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បាននិយាយក្នុងវេទិកាមួយនៅឯតំបន់ទីបេ (Tibet) ថា «ប្រជាជាតិក្នុងតំបន់ត្រូវតែគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក»។ ការថ្លែងបែបនេះ គឺចំពេលដែលភាពតានតឹងជាមួយឥណ្ឌាជុំវិញជម្លោះនៅព្រំដែនភាគខាងកើតជួរភ្នំហិម៉ាឡៃយ៉ា កំពុងបន្តកើតមាន។
ក្នុងវេទិកាមួយនៅទីក្រុងយីងជី (Nyingchi) ចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីរដ្ឋអារុណាឆាល ប្រាដេស (Arunachal Pradesh) ដែលប្រទេសចិនតែងតែអះអាងថា រដ្ឋនេះជាផ្នែកមួយនៃតំបន់ទីបេ លោក វ៉ាង បាននិយាយថា «យើងត្រូវប្រកាន់ខ្ជាប់នូវការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមគ្នារក្សាឯកភាពក្នុងតំបន់ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក»។
យ៉ាងណាមិញ ក្រសួងការបរទេស ឥណ្ឌា មិន បាន ឆ្លើយតប ភ្លាមៗ ចំពោះ សំណើ សុំការអត្ថាធិប្បាយរបស់ ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រ (Reuters) នោះទេ។ គួរដឹងដែរថា មន្ត្រីមកពីប្រទេសនេប៉ាល់ ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន និងម៉ុងហ្គោលី បានចូលរួមវេទិកាដែលបានរៀបចំឡើងនៅតំបន់ទីបេនេះ។ ដោយឡែក ប្រទេសឥណ្ឌាដែលធ្លាប់បានចូលរួមនៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ មិនមានវត្តមាននៅក្នុងឆ្នាំ២០២៣នេះនោះទេ។
ទំនាក់ទំនង រវាង ចិន និង ឥណ្ឌា បាន ជួបនឹងភាពចម្រូងចម្រាសកាន់តែខ្លាំង ក្នុង ឆ្នាំ២០២០ បន្ទាប់ ពី មានការ ប៉ះ ទង្គិច គ្នានៅ ព្រំដែន ដែល ទាហាន ឥណ្ឌា ២០ នាក់ និង ទាហានចិន ៤ នាក់ ត្រូវ បាន ស្លាប់។ នៅឆ្នាំនេះវិញ ប្រទេសចិនបានធ្វើឱ្យប្រទេសឥណ្ឌាខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលចិនបានចេញផ្សាយផែនទីបង្ហាញពីរដ្ឋអារុណាឆាល ប្រាដេស នៅភាគខាងកើតជួរភ្នំហិម៉ាឡៃយ៉ា ថាជាផ្នែកមួយនៃភាគខាងត្បូងតំបន់ទីបេ។
នៅឆ្នាំ១៩៥១ ទីក្រុងប៉េកាំង បានអះអាងថាខ្លួនបានកាន់កាប់តំបន់ទីបេដោយសន្តិវិធីដោយប្រើប្រាស់កងទ័ពចិនឈរជើងនៅទីនោះ។ នៅដើមឆ្នាំ២០២៤ ខាងមុខ ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិនឹងពិនិត្យមើលឡើងវិញនូវកំណត់ត្រាសិទ្ធិមនុស្សរបស់ប្រទេសចិននៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដោយសារតែស្ថានភាពសិទ្ធិមនុស្សនៅទីនោះបានធ្វើឱ្យអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង។
នៅ ឆ្នាំ នេះ អ្នក ជំនាញ របស់ អង្គការ សហ ប្រជាជាតិ បាន សម្តែង ការ ព្រួយ បារម្ភ ជា បន្ត បន្ទាប់ អំពី បញ្ហាដែលកំពុងកើតមាននៅតំបន់ទីបេ។ ជាក់ស្ដែង កាលពីខែសីហា ពួកគេបានលើកឡើងពីស្ថានភាពអ្នកតស៊ូមតិសិទ្ធិជនជាតិទីបេដែលកំពុងជាប់ពន្ធនាគារ។
កាលពីខែសីហា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីចិនដែលមិនបានបញ្ចេញឈ្មោះជាច្រើនរូប។ ពួកគេត្រូវបានចោទប្រកាន់ថាបានព្យាយាមបង្រួបបង្រួមដោយបង្ខំទៅលើកុមារទីបេ នៅក្នុងសាលាគ្រប់គ្រងដោយរដ្ឋ ក្នុងគោលបំណង លុប បំបាត់ ទំនៀម ទម្លាប់ ទីបេ នេះបើយោងតាមការ ថ្លែង ដោយ រដ្ឋមន្ត្រី ការបរទេស សហរដ្ឋ អាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken)។
យ៉ាងណាក៏ដោយ ចិន បាន បដិសេធថាខ្លួនមិនបាន ប្រព្រឹត្ត ខុសអ្វីនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ លោក វ៉ាង បានលើកឡើងថា ការអះអាងដែលធ្វើឡើងរបស់លោកខាងលិចទាក់ទងនឹងតំបន់ទីបេ គឺគ្មានមូលដ្ឋានច្បាស់លាស់ ផ្ទុយទៅវិញ វាគឺជាភាពលម្អៀងខាងមនោគមវិជ្ជា ហើយនៅទីបំផុត មនោគមវិជ្ជាបែបនេះនឹងដួលរលំនៅពេលដែលប្រឈមមុខនឹងការពិត»៕
ប្រែសម្រួល:ធា សុណា