សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតមរណៈទុក្ខជូនដល់ក្រុមគ្រួសារនៃសពនិស្សិត ចាន់ ឧត្តម

ភ្នំពេញ៖ ជាមួយនឹងសេចក្តីសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សរបស់កម្ពុជា ដោយនិស្សិត ចាន់ ឧត្តម និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបាត់បង់ជីវិតក្នុងការវាយប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ចាត់តាំងឯកឧត្តម មែ ស៉ីថន តំណាងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញទៅសាកសួរសុខទុក្ខ នាំនូវសារលិខិតមរណៈទុក្ខ និងរំលែកទុក្ខរបស់សម្តេចធិបតី និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជូនដល់ក្រុមគ្រួសារនៃសព។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានទូរសព្ទជួបផ្ទាល់ជាមួយក្រុមគ្រួសារនៃសពនិស្សិតដែលបាត់បង់ជីវិត ដើម្បីបញ្ជាក់ពីការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងចូលរួមរំលែកទុក្ខចំពោះការបាត់បង់កូនប្រុស ចៅប្រុស និងប្អូនប្រុសជាទីស្រលាញ់ និងជាធនធានមនុស្សបញ្ញវន្តដ៏មានសក្តានុពលរបស់កម្ពុជា ដែលបាន និងកំពុងបំពេញបេសកកម្មសិក្សាបង្កើនសមត្ថភាព ដើម្បីយកមកបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជាទីស្នេហាបំផុតរបស់យើង។ ព្រមជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សូមបួងសួងដល់វិញ្ញាណក្ខន្ធនិស្សិត ចាន់ ឧត្តម បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។

សូមបញ្ជាក់ផងដែរ ដើម្បីជួយរំលែកបន្ទុកមួយចំណែក និងសេចក្តីសោកសង្រេងនៃការបាត់បង់និស្សិត ចំពោះក្រុមគ្រួសារនៃសព សម្តេចធិបតី នាយករដ្ឋមន្ត្រី សម្រេចទទួលបន្ទុកលើការនាំសពមាតុភូមិនិវត្តន៍ ព្រមជាមួយនឹងការចាត់ចែងរៀបចំពិធីបុណ្យសព ដោយរ៉ាប់រងការចំណាយទាំងអស់៕

ads banner