អភិបាលរាជធានីភ្នំពេញ៖ ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារ គឺជាការវិនិយោគដ៏មានសក្តានុពលដែលរាជធានីភ្នំពេញចង់បាន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២តុលានេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន.អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មីស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ហើយដែលមានស្តង់លក់ដូរចំនួន៦០០០ស្តង់។

ក្នុងឧិកាសជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារ គឺជាការវិនិយោគដ៏មានសក្តដានុពលដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៏ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ ដំណើរ ការសាងសង់ក៏ចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង ២០ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន ។

ឯកឧត្តមអភិបាលរាជធានី បានលើកឡើងថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរដែលបង្ករឲ្យបាត់សណ្តាប់ធ្នាប់។ ទីតាំងផ្សារបោះដុំនេះស្ថិតលើដងវិថីឈ្នះៗជាចំណុចកណ្តាលនៃការចែកចាយទំនិញ ហើយប្រទេសជិតខាងពិសេសអ្នកវិនិយោគមកពីប្រទេសចិនអាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ ។ សំរាប់បងប្អូនអាជីវករដែលមានបំណងមកលក់ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃស្តង់រយៈពេល ២ឆ្នាំ ។

ឯកឧត្តមអគ្គរដ្ឋទូតWang Wen Tian បានអបអរសាទរចំពោះគំរោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ហើយនេះជាការបង្ហាញ ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនឹងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២ ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner