រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អរគុណកូរ៉េខាងជើងចំពោះការគាំទ្រសង្រ្គាមឈ្លានពានអ៊ុយក្រែន
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស Sergei Lavrov បានថ្លែងអំណរគុណដល់ប្រទេសកូរ៉េខាងជើង សម្រាប់ការគាំទ្រសង្គ្រាមឈ្លានពានអ៊ុយក្រែន ហើយបានសន្យាថា រុស្ស៊ីនឹងគាំទ្រ និងសាមគ្គីយ៉ាងពេញទំហឹងចំពោះមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក Lavrov ថ្លែងយ៉ាងដូច្នេះ ក្រោយធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ ដើម្បីចូលរួមកិច្ចប្រជុំផ្សេងៗ ដែលគេមើលឃើញថា ជាការរៀបចំផ្លូវសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន។
ថ្លែងក្នុងពិធីទទួលរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា ទីក្រុងមូស្គូឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតងាករេ និងជាគោលការណ៍ចំពោះ «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនរបស់ក្រុងព្យុងយ៉ាង ។នេះបើតាមសំណេរសុន្ទរកថាដែលមានផ្សាយលើគេហទំព័រក្រសួងការបរទេសរុស្ស៊ី។
លោកបន្តថា៖ «ដូចគ្នានេះដែរ សហព័ន្ធរុស្ស៊ីផ្ដល់ការគាំទ្រ និងសាមគ្គីភាពយ៉ាងពេញទំហឹងរបស់ខ្លួនចំពោះសេចក្តីប្រាថ្នារបស់កូរ៉េខាងជើង លើផ្លូវនៃការអភិវឌ្ឍរបស់ខ្លួន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Lavrov ធ្វើឡើង១ខែ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម បានធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៊ី ពោលគឺនៅពេលដែលលោកបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី-កូរ៉េខាងជើង ហើយបានអញ្ជើញលោក ពូទីន ឱ្យធ្វើទស្សនកិច្ចមកកាន់ទីក្រុងព្យុងយ៉ាង។
លោក Lavrov បាននិយាយថា ដំណើរទស្សនកិច្ចនៅសប្តាហ៍នេះនឹងផ្តល់ «ឱកាសដ៏មានតម្លៃ» ដើម្បីពិនិត្យឡើងវិញ និងរៀបរាប់ពីជំហានជាក់ស្តែង សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលបានសម្រេចរវាងមេដឹកនាំនៃប្រទេសទាំងពីរ។
គួរកត់សម្គាល់ថា ក្រៅជំហរគាំទ្រការទូតលើឆាកអន្តរជាតិ ប្រទេសកូរ៉េខាងជើងថ្មីៗនេះ បានរងការចោទប្រកាន់ពីសហរដ្ឋអាមេរិក ថាបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ រុស្ស៊ីច្រានចោលការចោទប្រកាន់នេះថា មិនយោងទៅតាមភស្តុតាងច្បាស់លាស់៕
ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ Russia’s foreign minister thanks North Korea for supporting its war in Ukraine